នាយករដ្ឋមន្រ្តីថៃចាប់ផ្តើមយុទ្ធនាការឃោសនា បោះឆ្នោតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់លោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលគណបក្សនយោបាយទាំងអស់បានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេសម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើនៅឆ្នាំក្រោយ។

កាលពីចុងសប្ដាហ៍ លោកបានចាប់ផ្តើមដំណើរការគេហទំព័រ www.prayutchan-o-cha.com ដែលមានជាភាសាថៃ និងអង់គ្លេស រួមជាមួយការដំណើរការគណនីនៃប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Twitter និង Instagram ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា ថ្នាក់ដឹកនាំថៃរូបនេះបានកត់សម្គាល់ថា ចាប់តាំងពីមនុស្សជាច្រើនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook សម្រាប់ការទំនាក់ទំនង ដូច្នេះលោកនឹងចូលទៅក្នុងវេទិកានេះដែរ។
នាយករដ្ឋមន្ត្រីថៃរូបនេះបានសរសេរនៅលើគណនី Facebook ផ្ទាល់ខ្លួនរបស់លោក @prayutofficial ថា «ខ្ញុំចង់បើកគណនី Facebook ផ្ទាល់ខ្លួនរបស់ខ្ញុំ ក៏ដូចជាមធ្យោបាយផ្សេងទៀតដើម្បីផ្សព្វផ្សាយគោលនយោបាយ និងការងាររបស់ខ្ញុំ ក៏ដូចជារបស់រដ្ឋាភិបាលផងដែរ» ។

លោកក៏បានលើកទឹកចិត្តប្រជាជនថៃឱ្យផ្លាស់ប្តូរទស្សនៈ ឬនិយាយពីបញ្ហារបស់ពួកគេទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក។

គណៈកម្មការរៀបចំការរៀបចំការបោះឆ្នោត (EC) នៃប្រទេសថៃ បានប្រកាសថា ផែនទីបង្ហាញផ្លូវនៃការបោះឆ្នោតទូទៅរបស់ប្រទេស នឹងមានចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩។

នៅចន្លោះខែធ្នូ ឆ្នាំ ២០១៨ និងខែមករា ឆ្នាំ ២០១៩ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកសភានឹងមានប្រសិទ្ធិភាព ការហាមប្រាមគណបក្សនយោបាយនឹងត្រូវដកចេញ អនុក្រឹត្យមួយស្តីពីការបោះឆ្នោតនឹងត្រូវបានប្រកាស ហើយគណបក្សនយោបាយនឹងបង្ហាញបញ្ជីបេក្ខជនរបស់ខ្លួន ហើយនាយករដ្ឋមន្រ្តីនឹងសម្រេចថា តើគណបក្សនយោបាយមួយណាដែលលោកនឹងចូលរួមជាមួយសម្រាប់ការបោះឆ្នោត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)