សហព័ន្ធស្រូវ អង្ករ​ កំពុងប្រឹងប្រែង ជំរុញការនាំចេញអង្ករខ្មែរថែមទៀត ខណដែលចិន បានកាត់បន្ថយការទិញអង្កររបស់កម្ពុជា

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ហោ​ សេងគ្រី​

មន្ត្រីសហព័ន្ធស្រូវ អង្ករកម្ពុជា ឱ្យដឹងថា៖សហព័ន្ធស្រូវ អង្ករកម្ពុជាកំពុងប្រឹងប្រែងជំរុញ ឱ្យភាគីពាក់ព័ន្ធទាំងឡាយត្រូវយកចិត្តទុកដាក់ប្រមូលទិញស្រូវពីកសិករ ព្រមទាំងជំរុញការនាំចេញអង្ករខ្មែរទៅកាន់ទីផ្សារបរទេស ឱ្យបានកាន់តែច្រើនថែមទៀត ។

លោក មូល សារិទ្ធិ អគ្គលេខាធិការសហព័ន្ធស្រូវ អង្ករកម្ពុជា មានប្រសាសន៍ ថា៖ថ្មីៗនេះភាគីចិន បានកាត់បន្ថយការទិញអង្ករពីកម្ពុជា ដោយចិនលើកហេតុផលថា៖បណ្ដាលមកពីអត្រាប្ដូរប្រាក់យ័នរបស់ចិន ជាមួយនិងប្រាក់ដុល្លារអាមេរិក មានការប្រែប្រួលធ្វើឱ្យការទិញអង្ករពីកម្ពុជា គិតជាលុយដុល្លារនោះ មានការប៉ះពាល់ដល់សង្វាក់ពាណិជ្ជកម្មរបស់ ចិនខ្លះៗដែរ។លោកបញ្ជាក់ថា៖កន្លងទៅចិនគឺជាទីផ្សារធំជាងគេដែលនាំអង្ករចេញពីកម្ពុជា ក៏ប៉ុន្តែនៅពេលចិន បានកាត់បន្ថយការទិញអង្ករនេះ គឺធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្ករកម្ពុជាខ្លះៗដែរ។ ទោះបីជាយ៉ាងណា មន្ត្រីសហព័ន្ធស្រូវ អង្ករកម្ពុជា បានកត់សំគាល់ឃើញថា៖បើទោះបីជាចិនកាត់បន្ថយការទិញអង្ករពីកម្ពុជាក៏ដោយ ក៏តួលេខនៃការនាំអង្ករខ្មែរទៅកាន់ទីផ្សារក្រៅប្រទេសនៅមិនទាន់ថយចុះនោះទេ។ សហព័ន្ធស្រូវ អង្ករកម្ពុជា នៅតែមានសុទិដ្ឋិនិយមថា៖ដោយសារតែអង្ករក្រអូបប្រណីតរបស់ខ្មែរទើបតែបានជាប់ចំណាត់ថ្នាក់ជាអង្ករល្អជាងគេនៅក្នុងពិភពលោក ហើយភាគច្រើនការផលិតអង្កររបស់កសិករខ្មែរ នៅមានលក្ខណៈធម្មជាតិមិនប្រើជីគីមី ទៀតនោះ គឺរឹតតែធ្វើឱ្យពិភពលោកកាន់តែចាប់អារម្មណ៍មកលើអង្ករខ្មែរ ថែមទៀត។

បច្ចុប្បន្នអង្ករខ្មែរ ដែលលក់ចេញទៅកាន់ទីផ្សារអន្តរជាតិ គឺមានតម្លៃខ្ពស់ជាងអង្កររបស់ថៃនិងអង្កររបស់វៀតណាម ដោយសារតែបរទេសគេទទួលស្គាល់ថាការដាំដុះមានលក្ខណៈធម្មជាតិ។

ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំអង្ករខ្មែរ ទៅលក់នៅទីផ្សារក្រៅប្រទេស បានប្រហែល៣៤ម៉ឺនតោន គឺប្រហាក់ប្រហែលគ្នាបើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧៕