មន្ទីរកសិកម្មខេត្តស្ទឹងត្រែងសន្យាពង្រឹងការអនុវត្តច្បាប់ ដើម្បីប្រឆាំងនិងទប់ស្កាត់ការសម្លាប់សត្វព្រៃ យកមកដាក់លក់ខុសច្បាប់

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ហោ​ សេងគ្រី​:

មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អះអាងថា៖នឹងពង្រឹងការអនុវត្ត ច្បាប់ ថែមទៀត ដើម្បីប្រឆាំងនិងទប់ស្កាត់សកម្មភាពសម្លាប់សត្វព្រៃជាច្រើន យកមកដាក់លក់ តាមផ្សារ ឱ្យមានប្រសិទ្ធភាព។

លោក លាង សេងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖បច្ចុប្បន្នការសម្លាប់សត្វព្រៃ យកមកដាក់លក់ក្នុងផ្សារនៅតែមាន ដោយសមត្ថកិច្ចពិបាកបង្ក្រាប។ លោកអះអាងទៀតថាសកម្មភាពសម្លាប់សត្វព្រៃដាក់លក់តាមផ្សារ ពេលខ្លះ មន្ត្រីជំនាញចុះទៅបង្ក្រាប គឺអ្នកលក់គ្រាន់តែរត់គេចខ្លួនមួយពេលនិងពេលខ្លះ អ្នកលក់សាច់សត្វព្រៃទាំងនោះ មិនខ្លាចសមត្ថកិច្ច ហើយចង់តដៃជាមួយសមត្ថកិច្ចក៏មាន។

លោកបញ្ជាក់ថា៖បញ្ហានេះពិបាកណាស់ ជួនកាលករណីសម្លាប់សត្វព្រៃខ្លះ មានរូបភាពតូចតាច ប្រសិនបើសមត្ថកិច្ចអនុវត្តន៍ច្បាប់ ដោយចាប់ខ្លួនអ្នកលក់សាច់សត្វព្រៃ ទាំងនោះ យកទៅដាក់ពន្ធនាគារក៏វាមិនសម។ ប៉ុន្តែទោះយ៉ាងណាមន្ត្រីជំនាញ នៅតែខំប្រឹងប្រែងដើម្បីទប់ស្កាត់ ការសម្លាប់សត្វព្រៃ យកមកដាក់លក់នេះឱ្យទាល់តែបាន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃដែលបានអញ្ជើញទៅចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ លើកទី៤ នៅឯប្រទេសអង់គ្លេស បានមានប្រសាសន៍ថា៖កម្ពុជានឹងបន្តពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែតឹងរឹង ព្រមទាំងការដាក់ទោសទណ្ឌ ឬការផ្តន្ទាទោសចំពោះសកម្ម ភាពល្មើសច្បាប់ទាំងឡាយ ដែលពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃខុសច្បាប់។

ជាមួយគ្នានេះ កម្ពុជានឹងសហការគៀងគរការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរសត្វព្រៃឆ្លងដែនគ្រប់ទម្រង់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ទៀតថា៖កម្ពុជាមិនមែនជាប្រទេសដែលអនុញ្ញាតឲ្យជួញដូរផលិតផលសត្វព្រៃស្របច្បាប់នោះទេ ហើយក៏មិនមែនជាប្រទេសដែលមានតម្រូវការផលិតផលសត្វព្រៃ សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះដែរ ៕