ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅបំពេញបេសកកម្មក្រៅប្រទេស នៅរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៦ ​ខែតុលា ​ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញបេសកកម្មនៅក្រៅប្រទេស នៅរាត្រីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោបានសរសេរថា យប់ថ្ងៃទី១៦ ខែតុលា នៅម៉ោង១២និង២០នាទី ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ខ្ញុំនឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសបែលហ៊្សិកដែលជាទីកន្លែងត្រូវប្រជុំអាស៊ី-អឺរ៉ុប លើក ទី១២។ បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប ខ្ញុំនឹងធ្វើទស្សនកិច្ចនៅប្រទេសតួកគីចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែតុលា។ ក្នុងថ្ងៃទី២២ ខែតុលា ដដែលខ្ញុំនឹងត្រូវចេញពីប្រទេសតួកគីមកទីក្រុងហ្សឺណែវ ប្រទេសស៊្វីសដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម នឹងមានគម្រោងចាកចេ​​ពីប្រទេស ស៊្វីសនៅយប់ថ្ងៃទី២៤ ខែតុលា ដែលនឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី២៥ ខែតុលា ដើម្បីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសេចក្តីព្រាងច្បាប់ស្ដីពីថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹក​​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨។ សម្ដេចតេជោបានបន្តថា ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមាញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួយ ដែលខ្ញុំមិនអាចបោះបង់ចោលបានគឺជួបបងប្អូនប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ​ និងរៀនសូត្រនៅអឺរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ។ ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយ ការដើរក្រោយវិញ ហើនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែល តម្រូវឱ្យ​ខ្ញុំធ្វើក្នុងជាតិនេះមែនទេ តែបើទោះជាដោយមូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចម្រើនរបស់ជាតិយើង។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ។

គួរបញ្ជាក់ដែរថា បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​ ស​ហ​​ប្រតិបត្តិការអន្ត​រ​ជា​តិ បានឱ្យដឹងថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម «​កិច្ច ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ ២០១៨ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ព្រះរាជាណាចក្រ​បែល​ហ្ស៊ិ​ក តប​តាម​ការអញ្ជើញ​របស់លោក Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និង​លោក Jean Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​។ ​អញ្ជើញ​អមដំណើរសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​ឯកឧត្ដម ប្រាក់ សុខុន ឧបនា​យ​ក​រ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្ដម ស៊ុន ចាន់ថុល ទេ​ស​រដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិ បាល និ​ង​​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។ ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើ​ក​ទី១២ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ “ អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​ស​កល​” មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺ​រ៉ុ​ប​ ខណៈដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំ​ង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជា ច្រើន ចា​ប់​​ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែ​ប​ម្រួ​​ល​អាកាសធាតុ ជាដើម​។​ ​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ដែលមាន​មូលបទ​រង “​ង្រឹង​ប្រព័ន្ធ​ពហុ​និ​យម​៖ ជំរុញ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប ​អំពី​ការ​ប្រឈម​សកល​” សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោតទៅលើ​ប្រធានបទ​ «​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការអភិ​វឌ្ឍ​​​​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​»​។​ ​ក្នុងអំឡុង​ពេល​​ស្នាក់នៅ​ប្រទេស​បែលហ្ស៊ិក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ដាច់​ដោ​យ​ឡែក​​ពីគ្នា ជាមួយ​សម​ភាគី​របស់​សម្តេច​តេ​ជោ ដូចជា ឯកឧត្ដម Dmitry Medvedev នាយក​រដ្ឋ​​មន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី, ឯកឧត្ដម Viktor Orbán នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ហុង​គ្រី, ​លោក​ជំ​ទា​វ​ Erna Solberg នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ន័​រវេ​ស, ឯកឧត្ដម Andrej BabiŠ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ឆែក, និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃទៀត​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគម​ន៍​ខ្មែរ និង​សិស្ស និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និ​ង​​​សិក្សា​នៅ​ប្រទេស​បែលហ្ស៊ិក ផងដែរ​៕

ដោយ ជឹម ណារី