សម្តេចតេជោនាយករដ្ឋមន្ត្រី និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅព្រះបរមរាជវាំង

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បាន​អ​ញ្ជើ​ញ​ដង្ហែរ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា និង​សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិ​នាថ សីហនុ ព្រះវររាជ​មា​តា​ជាតិ​ខ្មែរ​ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងពិធីថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះ​ករុណា ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្ដម សីហនុ គម្រប់ខួប៦ឆ្នាំគត់ ដែល​ព្រះ​អង្គ​បានសោយទីវង្គត នៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។ ពិធីនេះ ​បានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី១៥ ខែ​តុ​លា​ ឆ្នាំ២០១៨ នៅព្រះបរមរាជវាំង​

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១​៨​ បានសរសេរថា ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់​អា​វុធ​គ្រ​ប់​ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតន កោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា កូន​ចៅ​ប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ​ព្រះបរ​ម​​សព ព្រះករុណាបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរម​សុគ​តិភពកុំបីឃ្លៀងឃ្លាតឡើយ

ដោយ ជឹម ណារី