គេគ្មានសង្ឃឹមថា នឹងអាចរកឃើញអ្នកនៅរស់រានមានជីវិតថែមទៀតទេក្រោយព្យុះកំបុតត្បូង មីកាអែល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (១៥.១០.១៨)

អាមេរិក៖ ​ប្រតិបត្តិការស្វែងរកអ្នកដែលបានបាត់ខ្លួន ក្រោយព្យុះកំបុតត្បូង មីកាអែលបានប្រែទៅជាប្រតិបត្តិការ​ស្វែងរកអ្នកស្លាប់វិញ កាលពីថ្ងៃអាទិត្យនេះដោយសារក្រុមជួយសង្គ្រោះលែងមានសង្ឃឹមថានឹងអាចរកឃើញ​អ្នកដែលនៅរស់រានមានជីវិត តទៅទៀត ហើយ ។

មកទល់ថ្ងៃសៅរ៍កន្លងមកនេះ អាជ្ញាធរបានរាយការណ៍ថាចំនួនអ្នកស្លាប់ក្នុងពេលព្យុះកំបុតត្បូង មីកាអែល
​បោកបក់មកលើតំបន់ហ្លូរីដាផាន់ហាន់ដុល ស្ថិតនៅឆ្នេរភាគពាយ័ព្យរដ្ឋហ្លូរីដាសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី ១១ ​ខែ តុលា កន្លងមកនេះ បានឡើងដល់ ១៨នាក់ហើយ ហើយគេបារម្ភថាចំនួនអ្នកស្លាប់នឹងអាចកើនឡើងទៀតដោយសារក្រុមសង្គ្រោះកំពុងតែបន្តការស្វែងរករបស់ខ្លួន ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា ត្រូវគេរំពឹងថា នឹងទៅពិនិត្យមើលស្ថានភាពខូចខាត
ក្នុងរដ្ឋហ្លូរីដា និងរដ្ឋហ្សកយ៉ា នៅដើមសប្តាហ៍នេះ ។
​​វីដេអូ ដែលថតតាមដ្រូន បានបង្ហាញឲ្យឃើញនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដែលព្យុះកំបុតត្បូងមីកាអែល
មានល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឲ្យតំបន់ឆ្នេរ​ក្នុងរដ្ឋហ្លូរីដា រាបដល់ដី ។​