មនុស្ស២០នាក់ក្នុងប្រទេសតង់ហ្សានីត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងការចាប់ជម្រិតមហាសេដ្ឋីមួយរូប​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អិមអេសអិន (១៥.១០.១៨)

តង់ហ្សានី៖ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសតង់ហ្សានី បាននិយាយកាលពីចុងសប្តាហ៍កន្លងមកនេះថា
ប៉ូលីសបានចាប់ខ្លួនមនុស្ស ២០ នាក់ដែលមានជាប់ពាក់ព័ន្ធនឹងការចាប់ជម្រិត​មហាសេដ្ឋីវ័យក្មេងមួយរូបរបស់ប្រទេសតង់ហ្សានី ។

មហាសេដ្ឋីវ័យក្មេងនោះ មានឈ្មោះថា ម៉ូហាម៉ាដ ឌីហ្សី មានអាយុ ៤៣ ឆ្នំាត្រូវបានគេចាប់ជម្រិតកាលពីថ្ងៃទី ១១ ខែ តុលា ឆ្នំា ២០១៨នៅពេលគាត់បម្រុងចូលទៅកន្លែងហាត់ប្រាណដូចរាល់ដងក្នុងទីក្រុងកំពង់ផែដ៏សំខាន់​របស់ប្រទេសតង់ហ្សានី ឈ្មោះ ដា អេស សាឡាអាម ។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រាប់សន្និសីទកាសែតនៅថ្ងៃចុងសប្តាហ៍នោះថា
គេមិនទាន់ដឹងពីកន្លែងដែលពួកចាប់ជម្រិតបានឃុំខ្លួនមហាសេដ្ឋីនោះ នៅឡើយ ។
គាត់បាននិយាយទៀតថា ចាប់តំាងពីឆ្នំា ២០១៦ មក មានការចាប់ជម្រិតចំនួន ៥៧ ករណី
ដែលក្នុងនោះ មាន ៤៤ ករណី ដែលអ្នកដែលត្រូវបានក្រុមជនចាប់ជម្រិត
ត្រូវបានជួយសង្គ្រោះឲ្យរួចជីវិតមក វិញ ។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រទេសតង់ហ្សានី បានបញ្ជាក់ថា អត្រានៃការចាប់ជម្រិត បានកើនខ្ពស់
ដោយសារវិបត្តនយោបាយ និងសេដ្ឋកិច្ច និងអបិយជំនឿ ។​