រមណីយដ្ឋានសង់ពីដើមឬស្សីលើភ្នំហាន់ជ័យ នឹងបើកដំណើរការទទួលភ្ញៀវ ចាប់ពីថ្ងៃទី ១៥ តុលាតទៅ

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ណារិទ្ធ​:

រមណីយដ្ឋានកែច្នៃពីដើមឬស្សីស្ទើរ ទាំងស្រុងនៅលើភ្នំហាន់ជ័យខេត្តកំពង់ចាម ដែលមានតម្លៃជាងកន្លះលានដុល្លារ អាមេរិកបានបើកដំណើរការសេវាទទួលភ្ញៀវចាប់ពីថ្ងៃទី ១៥ តុលានេះតទៅ ។

លោក ឆន គឹមពិចេដ្ឋ អ្នកគ្រប់គ្រងទូទៅ នៃរមណីយដ្ឋានដែលមានសញ្ញាផ្កាឈូកបានប្រាប់ឲ្យដឹងថា រមណីយដ្ឋានភ្នំហាន់ជ័យ ផ្តល់ សេវាកម្មតាមបែបសេវា ជាទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ តាមរបៀបវិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាល និងបង្រៀនដល់សិស្ស ក្នុងសហគមន៍ជុំវិញតំបន់ភ្នំហាន់ជ័យ ហើយដែលអនាគតនឹងក្លាយជាបុគ្គលិកបម្រើការ ក្នុងរមណីយដ្ឋាននេះតែម្តង។

លោក ពិចេដ្ឋ បានបន្តថា គ្រាន់តែរមណីយដ្ឋានHANCHEY BAMBOO-RESORT បើកឲ្យដំណើរការសាកល្បងរយ:ពេលប៉ុន្មានថ្ងៃក្នុងឳកាសដាក់បិណ្ឌនោះ គឺមានភ្ញៀវមកចូលទស្សនា និងទទួលសេវាអាហារច្រើនលើសលុប ។ ជាមួយនោះក៏មានភ្ញៀវច្រើននាក់ បានទំនាក់ទំនងតាមទូរស័ព្ទ សុំកក់បន្ទប់ដើម្បីសម្រាកលំហែកាយ។

លោកបន្តថារមណីយដ្ឋានឬស្សី មានខ្យល់អាកាសបរិសុទ្ធ ភ្ញៀវ អាចគយគន់ទេសភាពរបស់ដងទន្លេមេគង្គ , ពិសេសមានការសាងសង់អគារពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលបានរចនាចេញពីផ្កាឈូក។

រមណីយដ្ឋាន HANCHEY BAMBOO-RESORT សាងសង់លើដី ទំហំប្រាំ ហិកតា នៅជាប់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំហាន់ជ័យខាងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ ២៤ គីឡូម៉ែត្រពីក្រុងកំពង់ចាម៕