ការដ្ឋានសាងសង់អគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងចំណតអាចផ្ទុករថយន្តក្រុងបានជាង២០០គ្រឿង លើផ្ទៃដី៤ហិកតា គ្រោងបញ្ចប់នៅដើមឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា​:​ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ ការដ្ឋានសាងសង់អគាររដ្ឋាបាល របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងចំណតរថយន្តរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅលើផ្ទៃដី៤ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ដែលបានសាងសង់កាលពីថ្ងៃទី៣០មករា២០១៨នោះ ពេលនេះជិតរួចរាល់ហើយ ដោយគ្រោងបញ្ចប់នៅថ្ងៃទី០១ខែមករា២០១៩ឆាប់ៗនេះ ។

លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់ឲ្យដឹងថា ចំណតរថយន្ត និងអគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសាង់ឡើងលើផ្ទៃដីទំហំ៤ហិកតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុងនោះសម្រាប់អគាររដ្ឋាបាលបានសាង់សង់ឡើងទំហំ២៥ម៉ែត្រគុណនិង៤០ម៉ែត្រ និងអាចចតរថយន្តក្រុងបានចំនួន២៥០គ្រឿង ។លោកបន្តថា ចំណតរថយន្តនិងអគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី៣០ មករាឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់ការស្ថាបនានៅថ្ងៃទី០១ខែមករា២០១៩ខាងមុខ ។

លោកអ៊ាន សុខឃីម បានឲ្យដឹងទៀតថា សម្រាប់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្រោមជំនួយរបស់ប្រទេសចិន និងជប៉ុន មានរថយន្តសម្រាប់ដឹកអ្នកដំណើរចំនួន២១៥គ្រឿង ហើយនៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសជប៉ុននឹងផ្តល់រថយន្តក្រុង មកឲ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន៨០គ្រឿងបន្តទៀត សំដៅបំរើលើសេវាដឹកជញ្ជូនតាមរថយន្តក្រុងកាន់តែមានភាពល្អប្រសើរ និងកាន់តែទទួលការពេញនិយមពីប្រជាពលរដ្ឋ។

មន្ត្រីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះអាងថា សេវាដឹកជញ្ជូនអ្នកដំណើររថយន្តក្រុងក្នុងមួយឆ្នាំ បានទទួលសេវាដឹកជញ្ជូនអ្នកដំណើរបានប្រមាណ៣លាននាក់ ក្នុងនោះអ្នកដំណើរដែលបង់សេវា និងអ្នកមិនបង់សេវា ដូចជាមនុស្សចាស់ជរា ជនពិកា កម្មករ កម្មការិនីរោងចក្រនិងសិស្សានុសិស្សជាដើមមានប្រហាក់ប្រហែលគ្នា ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ចំនួនខ្សែរត់របស់រថយន្តក្រុងបានកើនឡើងដល់ចំនួន១៣ខ្សែហើយក្នុងនោះរួមមាន៖

១.ខ្សែទី១ ដែលពីមុនរត់ចេញពីគីឡូម៉ែត្រ៩ ផ្លូវជាតិលេខ៥ ដល់ចំណតបឹងឈូក ផ្លូវជាតិលេខ១ ត្រូវបានកែសម្រួលជា២វិញ គឺ៖ ខ្សែទី១A ចេញពីផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ផ្លូវព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ដល់ ចំណតច្បារអំពៅ។ ខ្សែទី១B ចេញពីចំណតច្បារអំពៅ តាមផ្លូវជាតិលេខ១ទៅផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

២. ខ្សែទី២ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ក្រុងតាខ្មៅ ត្រូវបានកែសម្រួល អោយរត់ចេញពីរង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។

៣. ខ្សែទី៤ត្រូវបានកែសម្រួលបន្ថែមថ្មីដោយក្នុងនោះខ្សែទី៤Bត្រូវបានបន្លាយពីតំបន់សេដ្ឋកិច្ចពិសេស អោយទៅដល់ទីក្រុងពាណិជ្ជកម្ម ចេង ឧូបាយី កម្ពុជា ចិន ស្រុកអង្គស្នួលខេត្តកណ្តាល។ ខ្សែទី៤C រត់ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវហ្សាលដឺហ្គោល ស្តាបនាងគង្ហីង ស្តុបអាងទឹកអូឡាំពិក ផ្លូវមុនីរ៉េត ផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ច្រមុះជ្រូកស្ទឹងមានជ័យ កាត់តាមផ្លូវលេខ២១៧ រង្វង់មូលដីក្រហម (កួរស្រូវ)។

៤. ខ្សែទី៥ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ផ្សាអ៊ីអន១ ត្រូវបានបន្លាយអោយរត់ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៥. ខ្សែទី៦ ត្រូវបានកែសម្រួលអោយរត់ចេញពីរង្វង់មូលគួចកាណុង កាត់ស្ពានជ្រោយចង្វារផ្លូវជាតិលេខ៦ បត់ធ្វេងតាមវិថីឈ្នះឈ្នះ ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៦. ខ្សែទី៧ រត់ចេញពីចំណតរថយន្តគីឡូម៉ែត្រលេខ៩ផ្លូវជាតិលេខ៥ ផ្លូវ៥៩៨កាត់ក្រោមស្ពានអាកាស៧មករា ផ្លូវ២៧១ កាត់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។

៧. ខ្សែទី៨ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ ស្តុបអង់តែនទួលគោក ស្តុបកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្តេចជា ស៊ីម បត់ឆ្វេងមកផ្លូវឧកញ៉ាទ្រីហេង ផ្លូវសហព័ន្ធរុស្ស៊ី បត់ឆ្វេងមកផ្សារស៊ិនជូរីផ្លាហ្សា។

ចំពោះបណ្តាញខ្សែរត់ដែលត្រូវបន្ថែមថ្មីគឺ៨ ខ្សែទី១០ ចេញពីផ្សារស៊ិនជូរីផ្លាហ្សា បត់ស្តុបផ្លូវ២០០៤ តាមផ្លូវ២០០៤ ផ្លូវសឡា ផ្លូវចោមចៅផ្លូវ២១៧ ផ្លូវ៣៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក ។

៩. ខ្សែទី១១ ចេញពីវត្តស្លែង ផ្លូវព្រែវែងពងទឹក បត់ឆ្វេងផ្លូវព្រៃស បត់តាមផ្លូវ២១៧ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ(វិលជុំ)។

១០. ខ្សែទី១២ (រត់ជារង្វង់) ចេញពីរាជាយស្ម័យាន មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងតាមផ្លូវនេរុហ៍ តាមផ្លូវព្រះសីហនុ បត់ស្តាំតាមផ្លូវ១៦៣ បត់ឆ្វេងតាមផ្លូវ៣៦០ បត់ឆ្វេងមកផ្លូវត្រសក់ផ្អែម ផ្សារធំថ្មី បត់ឆ្វេងតាមផ្លូវភ្លោះព្រះអង្គឌួង រាជាយស្ម័យាន ។

​ ១១. ខ្សែទី១៣ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ បត់មកបឹងកក់ ឆ្ពោះមកក្តាន់២ ផ្លូវ១៦៩ មកស្តុបនាងគង្ហីង រង្វង់មូលសំពៅមាស ផ្លូវ១៦៣ មករង្វង់មូលផ្សារដើមថ្កូវ(វិលជុំ)ផងដែរ ៕