មន្ត្រីជាន់ខ្ពស់ក្រសួងការងារបង្ហាញពីវិធីសាស្ត្រដើម្បីដោះស្រាយវិស័យកាត់ដេរប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ហោ​ សេងគ្រី​:

មន្ត្រីជាន់ខ្ពស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញពីវិធីសាស្ត្រដោះស្រាយបញ្ហាវិស័យកាត់ដេរដើម្បីធ្វើឲ្យវិស័យនេះបន្តនិរន្តរភាព ប្រសិនបើសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ឯ.ឧ ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រសិនបើមានការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជាមែននោះនឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំតាមរយៈការពង្រឹងស្ថាប័នសាធារណៈ ពង្រឹងផលិតភាព និងធនធានមនុស្ស ព្រមទាំងកាត់បន្ថយរនាំងរដ្ឋបាលមិន ចាំបាច់មួយចំនួនដើម្បីធានាបាននូវការប្រកួតប្រជែងមួយប្រកបដោយប្រសិទ្ធិភាពខ្ពស់និងយូរអង្វែងទៅលើវិស័យកាត់ដេរនេះ។

ឯ.ឧបានបន្តថាម្យ៉ាងទៀតការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបបញ្ហានោះដែរ ពីព្រោះដោយស្វ័យប្រវត្តិកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធ នេះ នៅអំឡុងឆ្នាំ២០២១ឬ២០២៣ដោយសារកម្ពុជានឹងក្លាយទៅជាប្រទេស ដែលមាន ចំណូល មធ្យមកំរិតទាបហើយ។

ការអះអាងរបស់ឯ.ឧ ហេង សួរ នេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុប កំពុងនឹងបន្តនីតិវិធីរបស់ខ្លួនលើការដកប្រព័ន្ធអនុគ្រោះពន្ធលើ ទំនិញរបស់កម្ពុជា។

លោកអាត់ ធន់ ប្រធាន សម្ព័ន្ធសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជាបានថ្លែងថាវិធី សាស្ត្ររបស់ក្រសួងការងារនេះនឹងជួយសម្រួលដល់ការនាំចេញផលិតផលវិស័យកាត់ដេរទៅទីផ្សារសហភាពអឺរ៉ុបបានពី២០ទៅ៣០ភាគរយ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចេញ ប្រមាណ៤៥ភាគរយ។

គួររំលឹកថាកាលពីឆ្នាំ២០១៧កន្លងទៅកម្ពុជាបាននាំចេញផលិតផលវិស័យកាត់ដេរទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលមានតម្លៃ ជិត៤ពាន់លានដុល្លាអាមេរិកព្រមទាំងបានជួយ ផ្តល់ការងារដល់កម្មករជាង៤០ម៉ឺននាក់៕