ប្រកាសបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់វេសឡាញអេឌ្យូខេសិនគ្រុប រដូវកាល ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាលដណ្តើមពានរង្វាន់​បុគ្គលិក វេសឡាញ អេឌ្យូខេសិនគ្រុប លើកទី១ រដូវកាល ២០១៨បានប្រកាសបិទជាផ្លូវការហើយ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅនៅទីលាន KB រាជធានីភ្នំពេញ ដោយក្រុមសាលារៀន វេស្បឡាញន៍ សាខា ទួលស្វាយព្រៃបានឈ្នះជើងឯក បន្ទាប់ពីបានយកឈ្នះក្រុមសាខាដូនពេញ ដោយលទ្ធផល ៩ទល់៤ នៅ វគ្គផ្តាច់ព្រ័ត្រ។


លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ នៃវេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា គោលបំណងចម្បងនៃការប្រកួតនេះ ត្រូវបានធ្វើឡើង ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តជូន ដល់បុគ្គលិករបស់ខ្លួន ទាំងអស់ក្រោយពីបំពេញការងារឱ្យបានចូលរួមលេងកីឡា ដើម្បីសុខ​ភាព មិត្តភាព និងសាមគ្គីភាពជាមួយគ្នា ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ លោកបន្តថា ក្រៅពីប្រភេទកីឡាបាល់ទាត់នេះ វេសឡាញអេឌ្យូខេសិន គ្រុប ក៏មានប្រភេទកីឡាជាច្រើន ទៀតដែរ ដែលកំពុងបំផុសស្មារតី និងបណ្តុះបណ្តាលថ្នាលយុវជន នៅតាម គ្រប់សាខា​សាលារៀនរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាមួយរាជរដ្ឋាភិបាលកម្ពុជា ឱ្យ​កាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។


លោកគូសបញ្ជាក់បន្ថែមថា វេសឡាញមិន ត្រឹមតែកំពុងគិតគូ និងខិតខំបណ្តុះ​បណ្តាលធនធានប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែក អភិវឌ្ឍន៍ វិស័យ កីឡាជាច្រើនប្រភេទដែលកំពុងមានក៏កំពុងគិតគូរ និងបណ្តុះបណ្តាលឱ្យមានគុណភាព ក្នុងពេលព្រមជាមួយគ្នានោះដែរ។


ប្រធាននាយកអប់រំនិងធនធានមនុស្សនៃវេសឡាញអេឌ្យូខេសិនគ្រុប លោក តែ ឡាយ បានលើកឡើងដែរថា ការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាតក្នុងសាលនេះឆ្នាំទី១នេះ គឺមាន ក្រុមចំនួន១០បានចូលរួម សរុបមាន កីឡាករ១២៩នាក់ មកពីសាខា នានានៃក្លិបបាល់ទាត់ សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ ការិយាល័យកណ្តាល និងវិទ្យាស្ថាន អភិវឌ្ឍន៍វិស័អប់រំ ដោយបានប្រើប្រាស់អស់រយៈពេល១៥សប្តាហ៍។ ជាលទ្ធផល ក្រុមជ័យ​លាភីម្ចាស់ជើងឯកបានទៅក្រុមសាលារៀន វ៉េស្បឡាញន៍ សាខាទួលស្វាយព្រៃ, ជើងឯករង បានទៅលើក្រុមសាខាដូនពេញ, លេខ៣ បានទៅលើក្រុមសាខាច្បារអំពៅ និងលេខ៤ ក្រុមវិទ្យាស្ថានអភិ វឌ្ឍន៍វិស័អប់រំ និងក្រុមការិយាល័យកណ្តាលបានឈ្នះពានរង្វាន់ Fair Play។ ក្រៅពីទទួលបានពានរង្វាន់ គឺក្រុមជ័យលាភីទាំងនេះ​ក៏ទទួលបាន​នូវប្រាក់រង្វាន់​លើក​ទឹកចិត្តតាមកម្រិតជ័យលាភីនីមួយៗទៀតផង៕

ដោយ ហេង​ ណាលីន