គ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជា​ និងសិង្ហបុរី បង្ហាញក្តីរំពឹងដូចគ្នាសម្រាប់ការប្រកួត មិត្តភាពអន្តរជាតិ នាល្ងាចថ្ងៃស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជម្រើសជាតិ សឹង្ហបុរីបានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន នៅព្រឹកថ្ងៃចន្ទទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ដោយបានបង្ហាញឱ្យឃើញនូវក្តី រំពឹងខ្ពស់ដូចៗគ្នា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយគ្នា នាល្ងាចថ្ងៃអង្គារ៍ ទី១៦ ខែតុលា ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ។


លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាថ្លែងថា លោកមិនមានការផ្លាស់ប្ដូរច្រើននោះទេ ប៉ុន្តែអ្វីដែលសំខាន់យើងនឹងបំពេញបន្ថែមនូវ​ចំណុខ្វះ​ខាត ដើម្បីធ្វើឱ្យការប្រកួតទទួលបានលទ្ធផលល្អ។ កីឡាករកម្ពុជាមានចំណុច​ជាច្រើនដែល​រីកចម្រើន ហើយជារួមកីឡាករម្នាក់ៗបានខិតខំរៀងៗខ្លួន។ លោកតែងតែដាក់កីឡាករ ឬព្យាយាមអស់ពីសមត្ថភាពក្នុងការប្រកួត តែពេលនេះគឺស្ថិតក្នុង លក្ខខណ្ឌមួយ​កំពុងដំណើរ​ការ។ លោកបានបន្ថែមថា “លទ្ធផលអាចប៉ះពាល់ដល់អារម្មណ៍ តែយើងនៅតែចង់ ផ្លាស់ប្ដូរ នូវទម្រង់លេងមួយថ្មី ដូច្នេះលោកនៅតែចង់ឱ្យកម្ពុជាមានទម្រង់លេងមួយថ្មីជា​ជាងការផ្ដោត​លើលទ្ធផល”។


ចំណែកគ្រូបង្វឹកក្រុមសិង្ហបុរី លោក Fandi Ahmad បានបញ្ជាក់ឱ្យដឹងដែរថា លោកសប្បាយ​ចិត្តសម្រាប់ការប្រកួតជាមួយកម្ពុជា ដោយក្រុមរបស់លោកបានប្រកួតមិត្តភាព៣ប្រកួត ហើយកម្ពុជាបាន៣ប្រកួតដូចគ្នា។ កម្ពុជា ជាក្រុមខ្លាំងក្នុងផ្ទះ ហើយមានអ្នកគាំទ្រច្រើន ប៉ុន្តែលោកនឹងព្យាយាមធ្វើឱ្យបានល្អសម្រាប់ការប្រកួតថ្ងៃស្អែកនេះ។ ក្រុមសិង្ហបុរីទើបប្រកួត ជាមួយម៉ុងហ្គោលីលទ្ធផលមិនអាក្រក់ពេកទេ ដោយអាចទទួលយកបាន។លោកបានបន្ដថា “វាគឺជាឱកាសល្អ ដែលក្រុមរបស់លោកត្រូវរៀបចំក្រុមឲ្យបានល្អប្រសើរ មុនពេលឈាន ដល់ការប្រកួត AFF Suzuki Cup ឆ្នាំ២០១៨ ដែលនឹងចូលមកដល់នាខែវិច្ឆិកា ខាងមុខនេះ”។

គួរបញ្ជាក់ថា ទាំងក្រុមកម្ពុជា និងសិង្ហបុរី ដែលប្រកួតមិត្តភាពបង្កើនបច្ចេកទេសនេះ គឺត្រូវត្រៀមខ្លួន នៅក្នុងការប្រកួតនៃព្រឹត្តិការណ៍ AFF Suzuki Cup ដូចៗគ្នា៕

ដោយ ហេង ណាលីន