កម្ពុជាឈ្នះមេដាយមាស៣ និងប្រាក់២គ្រឿងពីព្រឹត្តិការណ៍ប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L’Equipe នៅបារាំង

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — ក្រុមកីឡាករកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជាបានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ កាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅក្នុងព្រឹត្តិការណ៍កីឡាប៉េតង់ពានរង្វាន់ អន្ដរជាតិ Trophee L’Equipe លើកទី២ នៅសាធារណរដ្ឋបារាំង ដោយដណ្តើមបានមេដាយ៥គ្រឿង មេដាយ មាស៣ និងមេដាយប្រាក់២គ្រឿង។


លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលដឹកនាំអត្ត ពលិកទៅប្រកួតនៅប្រទេសបារាំងនោះបានឱ្យដឹងថា អត្តពលិកកម្ពុជាបានឈ្នះលើវិញ្ញាសា ធំៗចំនួនពីរ គឺវិញ្ញាសាជាក្រុម៣នាក់ទល់នឹង៣នាក់បុរស-នារី ជាពិសេសគឺក្រុមកីឡាការិនី កម្ពុជាបានផ្ដួលក្រុមម្ចាស់ផ្ទះបារាំង ដោយលទ្ធផលពិន្ទុ ១៣ទល់៣ ហើយក្លាយជាម្ចាស់ មេដាយមាស និងពានរង្វាន់ធំ ខណៈក្រុមកីឡាករកម្ពុជាបានត្រឹមមេដាយប្រាក់ ក្រោយចាញ់ ក្រុមម៉ាដាហ្គាស្កា ដោយពិន្ទុ ៣ទល់១៣។

ជាមួយនឹងលទ្ធផលបែបនេះបានធ្វើបណ្តាប្រទេស នានា ពិសេសគឺម្ចាស់ផ្ទះបារាំង ដែលជាស្ថាបនិកកីឡាប៉េតង់ មានការភ្ញាក់ផ្អើលចំពោះ ក្រុមកម្ពុជា ក្រោយពេលដែលក្រុមប៉េតង់កម្ពុជា ដណ្ដើមបានមេដាយមាសស្ទើរគ្រប់វិញ្ញាសា ពិសេសគឺផ្នែកនារីតែម្ដង ដែលក្រុមកីឡាការិនីកម្ពុជាបានប្រមូលយកមេដាយមាស ទាំង៣​វិញ្ញាសា លើវិញ្ញាសាឯកត្តជន វិញ្ញាសាវាយគូនារី និងវិញ្ញាសាជាក្រុមនារី ៣នាក់ទល់នឹង៣​នាក់។

គួរបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ Trophee L’Equipe គឺជាពានរង្វាន់កម្រិតខ្ពស់​មួយក្នុងពិភពលោក ដោយម្ចាស់ផ្ទះបារាំង បានអញ្ជើញតែប្រទេសខ្លាំងៗប៉ុណ្ណោះ ដែលធ្លាប់​ឈ្នះមេដាយមាសពិភពលោកឱ្យមកចូលរួម ដោយនៅទ្វីបអាស៊ីប្រទេសបារំាងអញ្ជើញ២​ប្រទេស គឺកម្ពុជា និងប្រទេសថៃ៕

ដោយ ហេង ណាលីន