អាជ្ញាធរខេត្តកំពង់ចាម រៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

AKP កំពង់ចាម ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — រដ្ឋបាលខេត្តកំពង់ចាម​បានរៀបចំប្រារព្ធ​ពិធី​​គោរព​​ព្រះ​​វិញ្ញាណ​ក្ខ​ន្ធ ថ្វាយ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ គម្រប់​ខួប ៦​ឆ្នាំ ​​ ​ ដោយមានការអញ្ជើញចូលរួមរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ​និងមានការចូលរួមដោយឯកឧត្ដម​ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ​ តាជីយាយ​ ជី សិស្សានុសិស្ស​ ​យ៉ាងច្រើនកុះករ។​ ​ វិធីនេះ​ប្រារព្ធនៅទីលានសាធារណៈសាលាខេត្ត​ នាព្រឹកថ្ងៃច័ន្ទ​ ០៦កើត​ ខែអស្សុជ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​១៥ខែតុលា​ ឆ្នាំ២០១៨។

​ឯកឧត្តម គួច​ ចំរើន​ និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ចាមបានធ្វើការបូជាទៀន ធូប ថ្វាយនៅ​ចំពោះមុខព្រះឆាយាល័ក្ខ របស់ព្រះបរមរតនកោដ្ឋ និងការគោរពព្រះវិញ្ញាណក្ខន្ត របស់ព្រះ​បរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឱ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ កូនចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ចងចាំ ជានិច្ចនូវព្រះមហា​ករុណា ទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាល របស់ព្រះអង្គ ដែលបានលះ បង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ។

ការរៀបចំពិធីនេះជាកិច្ចតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះ​បរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែបយ៉ាង ជូនជាតិមាតុភូមិ និង ប្រជាជាតិជាទី​ស្រឡាញ់របស់ព្រះអង្គ។

លើសពីនេះទៀត ក្នុងនាមកូនចៅជាប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរ​ទូទាំងខេត្តកំពង់ចាម មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម របស់សម្តេច ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញ ព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយ ព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ ៕

ដោយ ឆាយ ម៉ុត