អាជ្ញាធរខេត្តសៀមរាប រៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ត ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

AKP សៀមរាប ថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៨ — នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨នេះជាថ្ងៃគម្រប់ខួប០៦ឆ្នាំ ដែលព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាង ចូលទីវង្គត់ ដែលធ្វើកូន ចៅ ចៅទួត ចៅលួត របស់ព្រះអង្គ មានក្តីសោកស្តាយ អាឡោះ អាល័យជាទីបំផុត។   

សម្រាប់ក្នុងមួយព្រះជន្មរបស់ព្រះអង្គ ព្រះអង្គបានលះបង់​ទាំងព្រះកាយ ពល និងព្រះបញ្ញាញាណដើមី្បបុព្វហេតុជាតិ ក្នុងការទាមទារនូវឯករាជ្យជាតិ ពីអាណានិគម បារាំងសេស និងខេត្តមួយចំនួនពីប្រទេសសៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាព ទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

ជាងនេះទៅទៀត ព្រះវីរសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វើ ឱ្យព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និងកិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោកទៀតផង ។


ដើម្បីជាមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះ កាយគ្រប់បែបយ៉ាង ជូនមាតុភូមិ និងប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ នៅព្រឹកថ្ងៃទី​១៥ ខែតុលាឆ្នាំ២០១៨នេះ នៅព្រះរាជដំណាក់ ក្រុងសៀមរាប ក៏មានរៀបចំពីធីគោរព ព្រះវិញ្ញាណក្ខន្ធរបស់ព្រះរបរមរតនកោដ្ឋក្នុងការរម្លឹកនូវគុណុបការរបស់ព្រះអង្គ។


ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋផងដែរ។


បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆាយាល័ក្ខរបស់ព្រះបរមរតនកោដ្ឋ និងការ គោរពព្រះវិញ្ញាណក្ខន្ត របស់ព្រះបរមរតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិស ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គទ្រង់បានយានទៅកាន់ព្រះបរមសុគតិភព ឱ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាប ក្រៅពីការរៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ​ នៅព្រះរាជដំណាក់ អាជ្ញាធរ​ខេត្ត ក៏បានធ្វើការណែនាំដល់បណ្តា គ្រប់ទីវត្ត អារាម និងគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យរៀបចំធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះ​បរមរតនកោដ្ឋផងដែរ៕

ដោយ ឃុត សៅ