រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីសូត្រមន្ត បង្សុកូល និងរាប់បាតឧទ្ទិសព្រះរាជកុសល ថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — ក្រុមប្រឹក្សាខេត្ត សមាជិក​ក្រុមប្រឹក្សាខេត្ត​ អភិបាល​ អភិបាលរងខេត្ត​ ប្រធាន ​អនុប្រធានមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ​មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និស្សិត ព្រះសង្ឃ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តព្រះសីហនុ ​បានរៀបចំពិធី​សូត្រមន្ត​បង្សុកូល​និងរាប់បាត្រឧទ្ទិសព្រះរាជកុសលថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ និងគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគម្រប់ ៦ឆ្នាំ (១៥ ខែតុលា ឆ្នាំ២០១២ និង១៥ ខែតុលា ឆ្នាំ២០១៨)។ ពិធីនេះ បានធ្វើឡើង នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែតុលា ​ឆ្នាំ២០១៨។


ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ បានមានប្រសាសន៍ ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋជាកូនចៅ ចៅទួតទាំងអស់​ក្នុងខេត្ត​ព្រះ​សីហនុ បានរៀប ចំពិធីសូត្រ​មន្ត​បង្សុកូល និងរាប់បាត្រឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ៦ឆ្នាំ។

ទន្ទឹមនេះ កូនចៅទាំងអស់គ្នា សូមចូលរួម​ក្នុងភាពក្រៀ​ម​ក្រំ ​និងសូម​លំឱនកាយ​វាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួត​ជាទីគោរព​សក្ការ​​ដ៏​ខ្ពង់​ខ្ពស់​បំផុត និងចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច​ក្នុង​ការ​ដឹកនាំទាមទារ​យក​បាន​នូវ​ឯករា​ជ្យ​ជាតិ កិច្ចការពារបូរណភាពទឹកដី និងការភិវឌ្ឍប្រទេសប្រកបដោយ​សុខសន្តិភាព ​ជូន​ជាតិ​ មាតុភូមិ កម្ពុជា និងប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ប្រកបដោយសេចក្តីសុខថ្លៃថ្នូរ ​ធ្វើ​ឱ្យ​ប្រទេសជាតិ​មាន​ការ​អភិវឌ្ឍរីកចម្រើនជារៀងរហូតមកដល់បច្ចុប្បន្ននេះ។

លើសពីនេះទៀត ព្រះអង្គបាន​បូជាព្រះកាយ ចិត្តក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជាទទួលបាននូវសេរីភាព និងការបង្រួប បង្រួមជាតិតែមួយ ធ្ធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បី ល្បាញក្នុងឆាកអន្តរជាតិរហូតដល់ សព្វថ្ងៃនេះ ។

ឯកឧត្តមបានបន្តថា ការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តម នៃព្រះអង្គ សម្តេច ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គឺជាការបាត់បង់តួអង្គ នៃព្រះមហាក្សត្រ ខ្មែរដ៏មហាឆ្នើម ដែលជានិច្ចកាល​ ទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វៀងវៃគ្រប់កាលៈទេសៈ។


ឯកឧត្តមអភិបាលខេត្ដបានបន្ថែមថា ថ្វីបើព្រះរូប ព្រះកាយរបស់ព្រះអង្គរំលាយក្ខន្ធ យាងទៅកាន់បរលោកទៅហើយក្តី ប៉ុន្តែ​ព្រះរាជលំអាន ព្រះវីរៈគំរូដ៏ឆ្នើមលើគ្រប់វិស័យរបស់ ព្រះអង្គសម្តេចឪ សម្តេចតា ជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិកា និង​ឆន្ទៈ​​របស់យើងខ្ញុំ ទាំងអស់គ្នាដែលជាកូនចៅ ចៅទួតព្រះអង្គពិតជា​នៅគង់វង្សស្ថិតស្ថេរជា​អមតៈរៀងរហូត មិនអាចមានថ្ងៃ ណាបំភ្លេចបានឡើយ ៕

ដោយ ងូ សុមុនី