មន្ត្រីរាជការក្នុងខេត្តកំពង់ធំ រៀបចំប្រារព្ធព្រះវិញ្ញាណក្ខន្ធ និងបង្សុកូល គម្រប់ខួប៦ឆ្នាំ ថ្វាយព្រះរាជកុសលជូនព្រះបរមរតនកោដ្ឋ

AKP កំពង់ធំ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលថ្វាយ ព្រះរាជ កុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គម្រប់ខួប៦ឆ្នាំ ដែលព្រះអង្គបានយាងសោយទិវង្គត។   

ក្នុងការរៀបចំកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុម​ប្រឹក្សា ខេត្តកំពង់ធំ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព មន្រ្តីរាជការ ព្រះសង្ឃ និង ប្រជាពលរដ្ឋ ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃចន្ទ ០៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។


ព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ទ្រង់ប្រសូត្រ​នៅថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានីភ្នំពេញ។ ព្រះអង្គ គឺជាព្រះរាជបុត្រនៃព្រះបាទនរោត្តម សុរាម្រឹត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គបាន​យាង​សោយទិវង្គត នៅ​វេលា​ម៉ោង១​និង២០​នាទី រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោងនៅក្នុងប្រទេស កម្ពុជា) ក្នុង​ព្រះជន្មាយុ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ នៅ​មន្ទីរពេទ្យ នាទីក្រុង​ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិត​​ចិន។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ គឺជាគម្រប់៦ឆ្នាំហើយ ដែលព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេច នរោត្តម សីហនុ បានយាងសោយទិវង្គតចាក ចោលប្រជារាស្រ្ត និងដែនដីជាទីស្នេហារបស់ព្រះអង្គ ហើយក៏ជាថ្ងៃដែលកូនខ្មែរ និងជាតិខ្មែរ ទាំងមូលសោកសៅ ជាទីបំផុត។

សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមក​នូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារ ឯករាជ្យ​ ពីប្រទេសបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

ដោយ ស៊ុម វណ្ណា