គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបាន គ្រប់ៗគ្នា ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា(គ.ជ.ប) បានអំពាវនាវឱ្យបងប្អូនប្រជា ពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីមានឈ្មោះក្នុង បញ្ជីបោះឆ្នោតពីព្រោះនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ នឹងត្រូវបញ្ចប់។


ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់AKPឱ្យដឹង នាព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បាន ចុះឈ្មោះ បោះឆ្នោត អ្នកដែលទើបផ្លាស់ប្ដូរទីលំនៅថ្មី និងអ្នកដែលទើបមានអាយុគ្រប់១៨ឆ្នាំ សូមមកចុះ ឈ្មោះឱ្យបានគ្រប់ៗគ្នា ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងការបំពេញកាតព្វ កិច្ចជា ពលរដ្ឋ និងត្រៀមទៅបោះឆ្នោត​នៅក្នុងឆ្នាំបន្ដបន្ទាប់នាពេលខាងមុខៗ។ ឯកឧត្តមបានបន្ដថា រហូតមកដល់ថ្ងៃនេះ មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីចំនួនជិត១៦ម៉ឺននាក់ ស្មើនឹង​៣២.៥៤ ភាគរយ ហើយបើទោះបីជាចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ ហាក់បីដូចមានចំនួនតិចតួចក្ដី ប៉ុន្ដែបានបង្ហាញអំពីការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ អាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់ និងមន្រ្ដីគ.ជ.ប ដែលបានខិតខំប្រឹងប្រែងរួចគ្នា។

ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាទម្លាប់ របស់​បងប្អូនប្រជាពលរដ្ឋ ស្ទើរតែជារៀងរាល់លើកហើយ ប្រសិនបើមិនមែនជាឆ្នាំបោះឆ្នោត ហាក់បី​ដូចជាមិនសូវយកចិត្ដទុកដាក់ក្នុងការមកពិនិត្យឈ្មោះ ​និងចុះឈ្មោះបោះឆ្នោតថ្មី នោះទេ។ ប៉ុន្ដែបើ​នៅក្នុងឆ្នាំបោះឆ្នោតតែម្ដងគឺមានប្រជាពលរដ្ឋចាប់អារម្មណ៍ច្រើនក្នុងការមក ចូលរួមពិនិត្យ និងចុះឈ្មោះ​​ឆ្នោតច្រើនកុះករ។

ឯកឧត្តមបានលើកឡើងទៀតថា នេះជាដំណើរការប្រព្រឹត្ដទៅជាធម្មតាទេ បើទោះបី​ជាចំនួនអ្នក​មកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង៣០ភាគរយក្ដី គឺជាទិដ្ឋភាពទូទៅ នឹងមិន មានផល​ប៉ះពាល់ ដល់ការចុះឈ្មោះបោះឆ្នោត ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ដែលគ.ជ.ប នៅតែដំណើរការចុះឈ្មោះ និងការរៀបចំបញ្ជីបោះឆ្នោតទៅតាមប្រតិទិនរបស់ខ្លួន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ គឺមានរយៈពេល១៤ថ្ងៃ សម្រាប់អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន សរុប១៥៩.៤៤៥នាក់ អ្នក​ដែលបានលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២៧.៤៤៩នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមាន ចំនួន១.១៤៦នាក់៕

ដោយ អ៊ុន រិទ្ធី