អភិបាលខេត្ដកំពង់ចាម ចុះពិនិត្យមើលការហ្វឹកហាត់កីឡាបាល់ទាត់ខេត្ដ ដើម្បីត្រៀមចេញ ទៅប្រកួតមិត្តភាពជាមួយក្រុមកីឡាករខេត្តតៃនិញ​ ប្រទេសវៀតណាម

AKP កំពង់ចាម ថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៨ — ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានចុះជួបសំណេះសំណាល និងពិនិត្យមើល ការ​ហ្វឹកហាត់របស់កីឡាបាល់ទាត់ខេត្ដ​ ដើម្បីត្រៀមចេញដំណើរនៅថ្ងៃទី២៧ ខែតុលា​ ខាងមុខ​នេះ​ ទៅប្រកួតមិត្តភាពជាមួយក្រុមកីឡាករខេត្តតៃនិញ​ ប្រទេសវៀតណាម។ ពិធីនេះ បានធ្វើឡើងកាលពីរសៀល​ថ្ងៃទី១៤​ ខែតុលា​ ​ឆ្នាំ២០១៨។​

ឯកឧត្ដម​ គួច​ ចំរើន ​បានណែនាំ និង​លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ត្រូវចេះ សាម​គ្គីគ្នា​ និងយកចិត្តទុកដាក់បំផុតក្នុងការហ្វឹកហាត់ត្រៀមប្រកួតតំណាងខេត្តកំពង់ចាម ក៏ដូចតំណាងប្រទេសកម្ពុជាផងដែរ។ ឯកឧត្ដម​បានបន្ដថា​ ការប្រកួតកីឡាលើកនេះគឺ​ ប្រកួត ដើម្បីមិត្តភាព មិនចង់បានចាញ់ឈ្នះឱ្យខ្លាំងក្លានោះទេ​ ប៉ុន្ដែការលេងកីឡាបង្កើននូវមិត្ដភាព និងដើម្បី​នាំមកនូវសុខភាព​ ហើយត្រូវចៀសឱ្យពីគ្រឿងញៀន​ និងនាំគ្នាមកចូលរួមជួយ​ការងារសង្គម។

លោក​ ស្រេង​ វ៉ាន់ណូ​ ប្រធានគ្រូបង្ហាត់ក្រុមកីឡាករបាល់ទាត់ប្រចាំខេត្តកំពង់ចាម​ បាន សម្ដែងនូវក្តីសប្បាយរីរាយចំពោះថ្នាក់ដឹកនាំខេត្ត​ ដែលបានយកចិត្តទុកដាក់ជួយសម្ភារ កីឡា​ និងបានលើកទឹកចិត្តឱ្យយុវជនទាំងអស់​ ឱ្យងាក​មកលេងកីឡា​រ​ គឺធ្វើយ៉ាងណាលើកស្ទួយ វិស័យកីឡារឱ្យកាន់រីកចម្រើន។

ជាមួយគ្នានេះដែរ​ ឯកឧត្ដម​ អភិបាលខេត្ត​ ក៏​បានជួយឧបត្តម្ភ​ដល់ក្រុមកីឡាករ​និងគ្រូ បង្វឹក​នូវសម្ភារកីឡា​ក្នុងមួយនាក់​ ២ឈុត​ និងថវិកា២លានរៀលផងដែរ៕

ដោយ សោម ឬទ្ធី