ប្រមុខរាជរដ្ឋាភិបាល ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកខួប៦ឆ្នាំ នៃការដឹងគុណ ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​ ក​ម្ពុ​​ជា ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំង នៃសា​ធារ​ណ​រដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងមកនោះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ គឺជាថ្ងៃគម្រប់ខួប ៦​ឆ្នាំ​គត់​ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ ន​រោ​ត្ដម សីហនុ ព្រះអង្គបានសោយទីវង្គត នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែ​តុ​លា​ ឆ្នាំ២០១២។ សម្ដេចតេជោបានបញ្ជាក់ថា នៅថ្ងៃនេះ ប្រជារាស្រ្ត ទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំង​ប្រ​ដា​ប់​អា​វុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវ ការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរ​ត​ន​កោដ្ឋ ដែលព្រះអង្គបាន លះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមា​តុភូមិ​កម្ពុ​ជា​​។

ជាមួយគ្នានេះ កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជ កុសល​​ព្រះវិ​ញ្ញា​ណ​ក្ខ័ន្ធ​ព្រះបរមសព ព្រះករុណាបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេច យាងបដិសន្ឋិក្នុង​ព្រះ​បរ​មសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕

ដោយ ជឹម ណារី