រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាគី មានការស្ញប់ស្ញែងចំពោះប្រាសាទអង្គរវត្ត កម្ពុជា

AKP សៀមរាប ថ្ងៃទី១៥ ខែតុលាឆ្នំា២០១៨ — នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ​ ឯកឧត្តមPeter Kazimir ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃ សាធារណរដ្ឋ​ស្លូវ៉ាគី បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត ហើយឯកឧត្តមបានស្ញប់ស្ញែង នឹងប្រាសាទអង្គរវត្តកម្ពុជាយ៉ាងខ្លាំង។


ឯកឧត្តម Peter Kazimir ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋស្លូវ៉ាគី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសាព័ត៌មាន​នៅក្នុង​ប្រាសាទអង្គរវត្តថា ឯកឧត្តមបានធ្វើ ទស្សនកិច្ចនៅ​តាម​បណ្តាប្រទេសជាច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ឃើញសំណង់បុរាណ និងភាពរីកចម្រើនរបស់ប្រទេសនីមួយៗ។ ប៉ុន្តែពេលមកដល់ដែនដីកម្ពុជាព្រះរាជាណាចក្រ អច្ឆរិយៈ ជាពិសេសពេលបានទស្សនាប្រាសាទអង្គរវត្ត ឯកឧត្តមពិតជាមានការ​កោតសសើរ និងស្ញប់ស្ញែងចំពោះស្នាដៃបុព្វបុរសខ្មែរយ៉ាងខ្លាំង។ ឯកឧត្តមបានចាត់ទុកប្រាសាទអង្គរវត្ត ពិតជាសម្បត្តិបេតិភណ្ឌដ៏អស្ចារ្យក្នុងលោកគ្មានពីរ។ ទន្ទឹមនេះ នៅក្នុង​ដំណើរបំពេញទស្សន កិច្ច ជាផ្លូវការនៅខេត្តសៀមរាបរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៤-១៥ខែតុលានេះ គណៈប្រតិភូ នៃសាធារណរដ្ឋស្លូវ៉ាគី ក្រៅពីទស្សនាប្រាសាទអង្គរ ក៏ទៅទស្សនាតំបន់ ទេសចរណ៍ធ្មជាតិ ជីវចម្រុះបឹងទន្លេសាបផងដែរ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស្លូវ៉ាគី បានភ្ជាប់កិច្ច​ទំនាក់ ទំនងការទូតជាមួយគ្នាកាលពីអំឡុងឆ្នាំ១៩៩៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កាលពីកំឡុងឆ្នាំ២០០៦ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋស្លូវ៉ាគី។ កាលពីខែកញ្ញាឆ្នាំ២០១០កន្លងទៅ ឯកឧត្តម Ivan Gasparovic ប្រធានាធិបតីនៃសាធារណរដ្ឋស្លូវ៉ាគី និងប្រតិភូជាន់ខ្ពស់ក៏បានអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។

តែទោះបីយ៉ាងណាក្ដី បើទោះជាប្រទេសទាំងពីរ នៅពុំទាន់មានស្ថានទូតនៅក្នុង ប្រទេសរៀងៗខ្លួន ក៏ប៉ុន្តែប្រទេសទាំងពីរបានបំពេញកិច្ចការជាច្រើន ក្នុងន័យបង្កើន ចំណងមិត្តភាព សាមគ្គីភាពទ្វេភាគី ជាពិសេសគឺការពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែ រឹងមាំជាបន្តបន្ទាប់។ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះក្រៅពីទស្សនកិច្ចខេត្ត សៀមរាប ឯកឧត្តម Peter Kazimir ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាគី ក៏នឹងដឹកនាំគណៈប្រតិភូទៅចូលគាល់ព្រះមហាក្សត្រនៅ រាជធានី ភ្នំពេញ ផងដែរ៕

ដោយ ឃុត សៅ