អង្គការស៊ីដូ ចាប់ផ្តើមអនុវត្តគម្រោងថ្មី រយៈពេល៣ឆ្នាំ នៅភូមិត្រពាំងស្វាយ ខេត្តឧត្តរមានជ័យ

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ហោ​ សេងគ្រី​:

អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ចាប់ផ្តើមអនុវត្ត គម្រោងថ្មីមួយ មានរយះពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់ ១៧៨,៦៦៨ ដុល្លាសហរដ្ឋអាមេរិក ដើម្បីលើកស្ទួយជីវភាពរស់នៅ សន្តិសុខស្បៀង ប្រាក់ចំណូល ទឹកស្អាត និងអនាម័យ ដល់ប្រជាពលរដ្ឋចំនួន២៤៥ គ្រួសារ នៅភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិលនិងភូមិផ្សេងៗទៀតដែលនៅក្បែរនោះ។

លោកអឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ ហៅកាត់ថា(ស៊ីដូ)បានឲ្យដឹងថា ការចាប់ផ្តើមអនុវត្តគម្រោងថ្មីមួយនេះ មានរយះពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់ ១៧៨,៦៦៨ ដុល្លាសហរដ្ឋអាមេរិក ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅ សន្តិសុខស្បៀង ប្រាក់ចំណូល ទឹកស្អាត និងអនាម័យ របស់ប្រជាពលរដ្ឋចំនួន២៤៥ គ្រួសារ នៅភូមិត្រពាំងស្វាយឃុំបេង ស្រុកបន្ទាយអំពិលនិងភូមិផ្សេងៗទៀត ដែលនៅក្បែរនោះ។ លោកបន្តថាក្នុងរយះពេល ១០ឆ្នាំកន្លងមកនេះ អង្គការស៊ីដូបានចំណាយថវិកាអស់ជាង៣លានដុល្លា និង ចំណាយក្នុង១ឆ្នាំប្រហែល ៣០០.០០០ ដុល្លារ ដែលជាថវិការបស់មូលនិធិហ្វារ៉ូស ប្រទេសហូឡង់ សម្រាប់ធ្វើសកម្មភាពសាងសង់ និងជួសជុលប្រពន្ធ័ធារាសាស្ត្រខ្នាតតូច ជួយស្រូវពូជនិងការចិញ្ចឹមផងដែរដល់ប្រជាពលរដ្ឋជាងមួយម៉ឺនគ្រួសារនៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ស ថាវីអភិបាលខេត្តឧត្តរមានជ័យ បានសាទរនិងគាំទ្រចំពោះគម្រោងថ្មីនេះព្រមទាំងបានថ្លែងអំណរគុណចំពោះដៃអភិវឌ្ឍន៍និងសប្បុរសជន ជនជាតិហូឡង់ដែលបានខិតខំគៀងគរថិកាមកជួយដល់ប្រជាជនកម្ពុជាស្ទើរគ្រប់ខេត្ត ក្នុងនោះក៏មានខេត្តឧត្តរមានជ័យមួយផងដែរ។ បេសកកម្មអង្គការស៊ីដូនៅកម្ពុជាក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយ:ការកែលម្អផលិតផលកសិកម្ម ដោយណែនាំនូវបច្ចេកទេសថ្មីសមស្រប និងធ្វើឲ្យទទួលបាននូវឧបករណ៍និងបច្ចេកទេសកសិកម្មទំនើប ធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាត ការអប់រំ និងបង្កើនការចូលរួមរបស់ស្រ្តីនិងយុវជនក្នុងការងារអភិវឌ្ឍ ៕