នាយករដ្ឋមន្រ្តីវៀតណាមជួបប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំប្រទេសនៅអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨  — កាលពីថ្ងៃទី ១១ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមកិច្ចប្រជុំដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនៅអាស៊ាន ដែលធ្វើឡើងនៅកោះបាលី ប្រទេស ឥណ្ឌូណេស៊ី។

នាយករដ្ឋមន្ត្រីវៀតណាមបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ឥណ្ឌូណេស៊ី ក្នុងការរៀបចំកិច្ចប្រជុំនេះ ដោយលោកបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងអង្គការអន្ដរជាតិ ដើម្បីចែករំលែកទស្សនៈ និងពិភាក្សាអំពីសកម្មភាពរួមគ្នាក្នុងតំបន់ និងសកលលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និរន្តរភាព និងកំណើនជាមួយនឹងការផ្តោតការយកចិត្តទុកដាក់ក្នុងការការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ចីរភាពរបស់អង្គការសហប្រជាជាតិ ២០៣០ ប្រកបដោយប្រសិទ្ធិភាព។

លោកបាននិយាយថា ភាពជោគជ័យនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីអាស៊ាន (WEF ASEAN 2018) កាលពីពេលថ្មីៗនេះនៅក្នុងប្រទេសវៀតណាមបានបង្ហាញថា អាស៊ានមានគុណសម្បត្តិ និងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួល និងប្រើប្រាស់ពេញលេញនូវលទ្ធផលចេញពីបដិវត្តន៍ឧស្សាហកម្មទីបួន។

លោកបានស្នើឱ្យអង្គការសហប្រជាជាតិ IMF និង WB ធ្វើការសម្របសម្រួលជាមួយអាស៊ាន និង វៀតណាម ដើម្បីពន្លឿនការអនុវត្តលទ្ធផលរបស់ WEF ASEAN ជាពិសេសយន្តការសុខដុមនីយកម្មបរិយាកាសពាណិជ្ជកម្ម ក្របខណ្ឌទំនាក់ទំនងថ្នាក់ជាតិ និងទំនាក់ទំនងនៃប្រព័ន្ធអប់រំ និងការបង្កើតប្រព័ន្ធការរៀនសូត្រយូរអង្វែងនៅបណ្តាប្រទេសនៅអាស៊ាន។

ចំពោះប្រទេសវៀតណាម នាយករដ្ឋមន្ត្រី Phuc បានលើកឡើងថា ប្រទេសនេះកំពុងកសាងរដ្ឋាភិបាលស្ថាបនាមួយ ដើម្បីបម្រើប្រជាពលរដ្ឋ និងអង្គភាពអាជីវកម្ម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការអនុវត្តផែនការសហគមន៍អាស៊ានឆ្នាំ ២០២៥។

នៅលើមូលដ្ឋាននេះ លោកបានសង្កត់ធ្ងន់ទៅលើការអនុវត្តរួមនៃអនុសាសន៍ ជាពិសេសក្រុមការងារអាទិភាពទាំង ៥ នៅក្នុងរបាយការណ៍រវាងទស្សនៈសហគមន៍អាស៊ានឆ្នាំ ២០២៥ និងរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពីកិច្ចអភិវឌ្ឍន៍ដោយចីរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)