គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ដោយកញ្ញា អ៊ី កនិកា 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានអំពាវនាវឱ្យប្រជាពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ព្រោះ រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានបញ្ជាក់ថា នៅសល់តែ៧ថ្ងៃទៀតទេ ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវរួសរាន់ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុច ខុស។ ជាមួយគ្នានេះ ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ ។
សូមបញ្ជាក់ថាចំពោះ អ្នកកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០០១ និងប្រជាពលរដ្ឋដែលមិនធ្លាប់​ចុះឈ្មោះបោះឆ្នោតពីមុនអាចអញ្ជើញទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។

ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨នេះ មានរយៈពេល១៨ថ្ងៃ ដោយ ចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ ២០១៨ សម្រាប់អ្នកផ្លាស់ប្តូរលំនៅឋាន ការកែតម្រូវឈ្មោះឬទិន្នន័យអ្នកបោះឆ្នោត អ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ការស្រង់ និងលុបឈ្មោះចំពោះអ្នកមរណៈភាព និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី គិតត្រឹមថ្ងៃទី៧ ខែតុលាមានចំនួន៧១.៨៨៥ នាក់ ខណៈអ្នកដែលបានលុបឈ្មោះចេញពីបញ្ជីមានចំនួន ៩.០៤០ នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន៥៥៥នាក់។