ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូទៅចូលរួមទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីត នៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី១ ​ខែតុលា​ ឆ្នាំ២០១៨ –ដោយមានការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូទៅចូលរួមទិវាបុណ្យជាតិអារ៉ាប៊ីសាអូឌីតលើកទី៨៨ នៅស្ថានទូតអារ៉ាប៊ីសាអូឌីត នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានធ្វើឡើងនៅរសៀលថ្ងៃពុធ ០១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨

គណៈប្រតិភូកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ពីសំណាក់ឯកឧត្ដម Mohammed F. N. Alshaklan ភារធារីស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយបណ្តាអង្គទូត ភារធារីប្រទេសនានាជាច្រើនទៀតដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។ ក្នុងឱកាសនេះដែរ ឯកឧត្ដមភារធារី បានថ្លែងការកោតសរសើរចំពោះគណៈប្រតិភូកម្ពុជា ដែលបានចូលរួមទិវាបុណ្យជាតិនេះតបតាមការអញ្ជើញរបស់ស្ថានទូត ហើយចាត់ទុកការចូលរួមនេះគឺជាការបង្ហាញពីទំនាក់ទំនងជិតស្និទ្ធទ្វេភាគីរវាងប្រទេសទាំង២ កាន់តែប្រសើរថែមទៀត។ ឯកឧត្ដម ភារធារី បានអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ 

  ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជារៀងរាល់ឆ្នាំតែងតែបានសម្រួលកិច្ចការប្រារព្ធពិធីបុណ្យធម្មយាត្រាហាជ្ជរៀងរាល់ឆ្នាំដល់ប្រជាពលរដ្ឋខ្មែរអ៊ិស្លាមិងបានអនុគ្រោះដោយ មិនកំណត់ចំនួនអ្នកទៅបំពេញធម្មយាត្រាហាជ្ជពីព្រះរាជាណាចក្រកម្ពុជា។ ឯឧត្តមក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ និងការផ្តល់ជំនួយផ្សេងៗចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស និង ការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ សួសសំរិត