ភ្ញៀវទេសចរមកកម្សាន្ត​​នៅតាម​ប្រាសាទ​បុរាណ និងរមណីយដ្ឋាននានានៅខេត្តសៀមរាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នំានេះមានការកើនឡើងជាងឆ្នំាមុន ​​

AKP សៀមរាប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ –លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ភ្ញៀវទេសចរមកកម្សាន្តនៅតាមប្រាសាទបុរាណ និងរមណីយដ្ឋានានាក្នុងខេត្តសៀមរាបនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលថ្ងៃចាប់ពីថ្ងៃទី០៨ដល់១០ ខែតុលា ឆ្នាំ២០១៨នេះ សរុបមានចំនួនប្រមាណ២៥២.៤២២ នាក់ មានការកើនឡើង៤៧,០៥ភាគរយ បើប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នា២០១៧ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ២២.៤២២នាក់មានការកើនឡើង៣,៥៨ភាគរយ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ២៣​ម៉ឺននាក់ មានការកើនឡើង៥៣,៣៣ភាគរយ 

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរទំាងនេះភាគច្រើនទៅលេងនៅតំបន់អង្គរ បឹងទន្លេសាប បារាយណ៍ទឹកថ្លា និងតំបន់រមណីយដ្ឋានភ្នំគូលែន ទំនប់ម្កាក់ តំបន់កំពង់ភ្លុក និងតាមតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត ប៉ុន្តែតាមការសង្កេតរបស់មន្រ្តីជំនាញ​ឃើញ​ថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះក្រៅពីប្រាសាទបុរាណ ភ្ញៀវទេសចរបានសម្រុកទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ដែលមានទឹកលេងកម្សាន្តច្រើនដូចជា នៅភ្នំគូលែន តំបន់កំពង់ភ្លុក និងទំនប់ម្កាក់ ជាដើម។

ដោយឡែកសម្រាប់សេវាស្នាក់នៅគឺមានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំមានភ្ញៀវស្នាក់នៅពេញៗប៉ុន្តែតំម្លៃស្នាក់នៅ និងតម្លៃម្ហូបអាហារគឺមិនមានការឡើងថ្លៃហួសហេតុនោះទេ ដោយសារមន្រ្តីជំនាញ​បាន​ចុះផ្សព្វផ្សាយ និងណែនាំជាប្រចាំទាំងតម្លៃសេវា និងគុណភាពចំណីអាហារ៕

ដោយ ឃុត សៅ