សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់កោះបាលី ធារណរដ្ឋឥណ្ឌូណេស៊ីហើយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ –បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូល មេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រួចមក នាព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងដំណើរ បន្តអញ្ជើញចូលរួម ក្នុងវេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូល និធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានធ្វើដំណើរលើចម្ងាយផ្លូវប្រមាណ ១០ម៉ោងរួចមក សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់ដែនដីលំហែកាយកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយសុវត្តិភាព នាវេលាម៉ោង១៧និង២០នាទី ម៉ោងនៅប្រទេសឥណ្ឌូណេស៊ី ត្រូវនឹង ម៉ោង១៦និង២០នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាទីដែលបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន អញ្ជើញ ចូលរួម វេទិកា នៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលប្រារព្វនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៨។

នៅអាកាសយានដ្ឋានអន្តរជាតិង៉ូរ៉ារ៉ៃ កោះលំហែកាយបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី វត្តមាននៃការអញ្ជើញ ដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីឯកឧត្តម រ៉ូដាតារា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងព័ត៌មានវិទ្យា ឥណ្ឌូណេស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូណេស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រ កម្ពុជា ប្រចាំសាធារណរដ្ឋ ឥណ្ឌូណេស៊ីជាច្រើនរូប។

សូមបញ្ជាក់ថា នៅលើកោះលំហែកាយបាលី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញធ្វើបទអន្តរា គមន៍ចំនួន២ ក្នុងនោះ ទី១ ថ្លែងក្នុងវេទិកានៃជំនួបថ្នាក់ដឹកនាំអាស៊ាន និងទី២ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨៕

ដោយ ជឹម ណារី