សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការសម្រេចចិត្តរបស់អ្នកវិនិយោគជប៉ុនដែលជ្រើសរើស ប្រទេសកម្ពុជាសម្រាប់ធ្វើជាគោលដៅ នៃការវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានប្រកាសស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៍ឈ្លាសវៃរបស់ អ្នកវិនិយោគទាំងអស់ ជាពិសេស អ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោល ដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

ថ្លែងក្នុងវេទិកាធុរកិច្ចមេគង្គ ជប៉ុន ក្រោមប្រធានបទ “តំបន់ប្រមូលផ្តុំថ្មីនៃខ្សែច្រវាក់ តម្លៃរបស់អាស៊ី” កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេច តេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ អ្នកវិនិយោគជប៉ុន ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមក សិក្សាឈ្វេងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគដើម្បីទាក់ទាញយកប្រយោជន៍ ជាអតិប្បរមាពីសមិទ្ធ ផលនានា ដែលរាជរដ្ឋាភិបាល ជប៉ុនបានជួយគាំទ្រដល់កម្ពុជា។ សម្ដេចតេជោបានគូស បញ្ជាក់ថា កម្ពុជាជាប្រទេសមួយ ក្នុងតំបន់មេគង្គដែលមាន សក្តានុពល និងកាលានុវត្តភាពជាច្រើនក្នុងការទាក់ទាញអ្នកវិនិយោគ រួមមាន ទី១. ភាពអំណោយផលនៃស្ថិរភាព នយោបាយ និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឱ្យកម្ពុជាស្ថិតលើគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងអត្រាកំណើតសេដ្ឋកិច្ចជា មធ្យមប្រចាំឆ្នាំ៧ភាគរយ ក្នុងរយៈពេលជាង២ ទសវត្សរ៍កន្លងទៅនេះ។ ជាមួយគ្នានេះដែរ កាលពីសប្តាហ៍កន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើន ក្នុងអត្រា ៧.២៥ភាគរយ ក្នុងឆ្នាំ២០១៨ ដែលអត្រាកំណើននេះ នឹងរក្សាបានក្នុងឆ្នាំខាងមុខ។ តាមរយៈកំណើនសេដ្ឋ កិច្ចគួរឱ្យស្ញប់ស្ញែង និងកំណែទម្រង់មួយចំនួន កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅ រកគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ទី២. កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុង តំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀត កម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ ជាងគេ។ ទន្តឹមនេះ ការផ្លាស់ប្តូរទីប្រជុំទម្ងន់នៃកំណើនសេដ្ឋកិច្ចមកទ្វីបអាស៊ី ពិសេសអាស៊ីបូព៌ា បន្តនៅជា “ឱកាសមាស” សម្រាប់កម្ពុជា ធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្ម ឧស្សាហកម្ម ផលិតកម្ម និងសេវាកម្ម ជាមួយ បណ្តាប្រទេសក្នុងតំបន់។ ទី៣. កម្លាំងពលកម្មដែលមានភាព សម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមាន អាយុត្រឹម ៣៥ ឆ្នាំ ចុះមានចំនួនដល់ទៅ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជន ដែលមានចំណូលមធ្យម និងវណ្ណៈកណ្តាល នឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការសម្រេច នូវកំណើន សេដ្ឋកិច្ចខ្ពស់សម្រាប់រយៈពេល ៣ទសវត្សរ៍ខាងមុខ។ ទី៤. កម្ពុជាបាន បើកចំហសេដ្ឋកិច្ចរបស់ ខ្លួនសម្រាប់អ្នកវិនិយោគ ទាំងអស់ ដោយគ្មានការរើសអើសរវាង អ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។

រាជរដ្ឋាភិបាលកម្ពុជាបានបើកចំហរ គ្រប់វិស័យ រួមទាំង វិស័យធនាគារ វិស័យធានារ៉ាប់រង និងវិស័យទូរគមនាគមន៍ ដែលជាទូទៅ ប្រទេសជា ច្រើននៅក្នុងពិភពលោក មិនអនុញ្ញាតឱ្យអ្នកវិនិយោគ ១០០ភាគរយ ដោយគ្មានការចូលរួមពី សំណាក់អ្នកវិនិយោគជាតិ នៅវិស័យទាំងនោះឡើយ។ បន្ថែមពីនេះទៀត កម្ពុជានៅមានសក្តានុពលយ៉ាង ច្រើនក្នុង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រួមមានការបន្តបង្កើនភាពស៊ី ជម្រៅនៃអន្តរការីកម្មហិរញ្ញវត្ថុ ការលើកម្ពស់វិស័យធានារ៉ាប់រង និងការអភិវឌ្ឍទីផ្សារមូល បត្រ។ ទី៥. ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គងសម្រាប់តែទីផ្សារកម្ពុជា ដែលមាន ប្រជាជនប្រមាណតែជាង១៥ លាននាក់តែប៉ុណ្ណោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គ ដែលមាន អតិថិជនប្រមាណ២៥០លាន នាក់ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០ លាននាក់ និងទីផ្សារនៅក្នុងតំបន់ នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយតំបន់ (RECP)ដែលមានអតិថិជនប្រមាណ ៣ប៊ីលាននាក់ព្រមទាំង លទ្ធភាពចូលទីផ្សារធំ ដទៃទៀត ក្នុងពិភពលោក។ ទី៦. កម្ពុជាបាននិងកំពុង ធ្វើសមាហរណកម្ម និងតភ្ជាប់តាមបោះប៉ូល សេដ្ឋ កិច្ចសំខាន់ៗ នៅក្នុងប្រទេស និងនៅក្នុងតំបន់ ដែលនឹងបង្កើតនូវប្រព័ន្ធឡូជីស្ទីកដ៏រស់រវើក និងលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាកត្តាជំរុញឱ្យកម្ពុជាបោះជំហាន ទៅមុខ កាន់តែលឿន និងដើរតួនាទីកាន់តែសំខាន់ ក្នុងការចូលរួម និងបំពេញគ្នា ទៅវិញទៅមកក្មុងស្មារតីឈ្នះ-ឈ្នះ ជាមួយបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់មេគង្គ ដើម្បីធ្វើឱ្យតំបន់នេះក្លាយ ជាតំបន់ប្រមូលផ្តុំថ្មីនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី ប្រកបដោយជវភាព។ សម្ដេចតេជោ បាន បន្ថែមទៀតថា ជាងពេលណាៗទាំងអស់ ចាប់តាំង ពីការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាននាខែធ្នូឆ្នាំ២០១៥ បណ្តាប្រទេសតំបន់មេគង្គបានធ្វើឱ្យ សមាហរណកម្ម កាន់តែស្និតស្នាលជាង មុន និងកំពុងតែប្រែក្លាយតំបន់ទៅជា “រោងចក្រអាស៊ី អាគ្នេយ៍”៕

ដោយ ជឹម ណារី