ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងវិលត្រឡប់មកដល់មាតុភូមិវិញដោយសុវត្ថិភាព បន្ទាប់ពីបានយាងទៅព្រះរាជពិនិត្យព្រះរាជសុខភាព និងព្យាបាលព្រះរោគ នៅទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេចក្តីសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងវិលត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបានយាងទៅព្រះរាជពិនិត្យ និងព្យាបាលព្រះរោគ នៅទីក្រុងប៉េកាំង ប្រទេសចិន កន្លងមក ។

យាង និងអញ្ជើញទទួលព្រះរាជដំណើរយាងមកដល់មាតុប្រទេស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី ព្រមទាំងព្រះញ្ញាតិវង្សានុវង្ស និងថ្នាក់ដឹកនាំកំពូលៗជា ច្រើនរូបទៀត ។

រូបថត៖ ហ្វេសបុកសម្តេចក្រឡាហោម ស ខេង