សសរស្តម្ភកិច្ចសហប្រតិបត្តិការចំនួន៣ ត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ –មេដឹកនាំប្រទេសមេគង្គ និងជប៉ុន បានដាក់ចេញសសរស្តម្ភ កិច្ចសហប្រតិបត្តិការ ចំនួន ៣នៅ កិច្ចប្រជុំកំពូលមេដឹកនាំមេគង្គ-ជប៉ុនលើកទី១០ ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុននាព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ២០១៨។ សសរស្តម្ ភកិច្ចសហប្រតិបត្តិការចំនួន ៣នោះ រួមមាន ទី១. ការតភ្ជាប់រស់រវើក និងមានប្រសិទ្ធភាព ផ្តោតលើការងារ (តភ្ជាប់ផ្នែករឹង, តភ្ជាប់ផ្នែកទន់, តភ្ជាប់ផ្នែកឧស្សាហកម្ម)។ ទី២. សង្គមដែលផ្តោតលើមនុស្សជាចម្បង (ការអភិវឌ្ឍធនធានមនុស្ស, ការថែទាំងសុខមាលភាព, ការអប់រំ, កិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងតុលាការ) និងទី៣. ការសម្រេចបាននូវមេគង្គបៃតង ដោយផ្តោតលើការងារ (កាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, គ្រប់គ្រងធនធានទឹក, ការគ្រប់គ្រង កាកសំណល់, ការអភិរក្ស និងការប្រើប្រាស់ធនធាន ជលផល ប្រកបដោយចីរភាព រួមទាំង ថនិកសត្វក្នុងសមុទ្រ)។

ថ្លែងនៅក្នុសន្និសីទរួមគ្នាក្រោយកិច្ចប្រជុំកំពូលមេដឹកនាំមេគង្គ-ជប៉ុនលើកទី១០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្ដមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ, លោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា, ឯកឧត្ដម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ឯកឧត្ដម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

ក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្ដម ស៊ិន ហ៊្សូអាបេ នាយករដ្ឋមន្ត្រីជប៉ុន បាន ថ្លែងថា ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេស តំបន់ទន្លេមេគង្គ ទាំង៥ និងជប៉ុន បាន សម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ច សហប្រតិបត្តិការមេគង្គ-ជប៉ុន» សំដៅពង្រឹងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសតំបន់មេគង្គ និងជប៉ុន ក៏ដូចជាឆ្លើយតបបញ្ហានៅក្នុងតំបន់ និងលើពិភពលោកនាពេលបច្ចុប្បន្ន។ ចំពោះ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» បានដាក់ ចេញនូវយុទ្ធសាស្ត្រចម្បងៗចំនួន៣រួមមាន៖ ទី១.សមិទ្ធផល និងស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, ទី២. សសរស្តម្ភថ្មីបីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងទី៣. បញ្ហាតំបន់ និងសកល។ ឯកឧត្ដមនាយករដ្ឋមន្ត្រីជប៉ុនបានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើក ចំហរ ថ្នាក់ដឹកនាំទាំងអស់ បានបញ្ជាក់ពីសារៈសំខាន់ នៃការកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ប្រទេសមេគង្គនីមួយៗ ក្នុងការពង្រឹងសណ្តាប់ធ្នាប់ដែលសេរី និងបើកចំហរ ដោយឈរលើគោលការណ៍ នីតិរដ្ឋ ដើម្បីធានាឱ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងបានបញ្ជាក់ថា តំបន់មេគង្គ ដែលតភ្ជាប់ពីមហាសមុទ្រឥណ្ឌា ទៅមហាសមុទ្រប៉ាស៊ីហ្វិក មានអំណោយផលផ្នែកភូមិសាស្ត្រ ដែលអាច ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការ សម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ។ ពាក់ព័ន្ធលើសមិទ្ធផល និងស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មេដឹកនាំប្រទេសមេគង្គ និងជប៉ុន បានលើកសរសើរពីសមិទ្ធផលនៃ «យុទ្ធសាស្ត្រទីក្រុង តូក្យូថ្មីឆ្នាំ២០១៥» និងការអនុវត្ត ជំនួយ អភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងទំហំទឹកប្រាក់ជាង ៧៥០ពាន់លានយ៉េន ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយក្នុងឱកាសប្រារព្ធខួបលើកទី១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នេះ មេដឹកនាំនៃប្រទេសមេគង្គ និងជប៉ុន បានសម្រេចពង្រីក ទំនាក់ទំនងរវាង ប្រទេសជប៉ុន និងប្រទេសមេគង្គទៅជាដៃគូយុទ្ធសាស្ត្រ។ ទន្ទឹមនេះ មេដឹកនាំមេគង្គ-ជប៉ុន ក៏បានសម្រេច ដាក់ចេញ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs), និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-AMECS) ផងដែរ។

ដោយឡែកសម្រាប់បញ្ហាតំបន់ និងអន្តរជាតិវិញ មេដឹកនាំមេគង្គ-ជប៉ុន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្ត ដ៏រឹងមាំរបស់ ខ្លួនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើ បញ្ហាតំបន់ និងសកលនានា ដែលជាការព្រួយបារម្ភ ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ ប្រមុខដឹកនាំមេគង្គ-ជប៉ុនបានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញា ចិត្តរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា ដោះស្រាយ ជម្លោះដោយសន្តិវិធី រួមទាំងការគោរពពេញលេញចំពោះនីតិវិធីច្បាប់ និងការទូត ដោយមិនជ្រើស យកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលមានការទទួលស្គាល់ជាសកល៕

ដោយ ជឹម ណារី