កសិករខេត្តកំពង់ធំ ទទួលបានជោគជ័យក្នុងការចិញ្ចឹមគោបំប៉ន ឲ្យស៊ីចំណីសត្វតាមបច្ចេកទេសថ្មី

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ហោ​ សេងគ្រី:

​ លោក ឡេកគឹមហ៊ួ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉ន ដោយប្រើដំណាំចំណីសត្វ រស់នៅភូមិតាម៉ី ឃុំសូយោង ស្រុកបារាយណ៏ ខេត្តកំពង់ធំបានប្រាប់អោយដឹង ថា កាលពីដើមឡើយ លោកបាន លែងឲ្យស៊ីស្មៅពាសវាលពាសកាល ហើយបន្ទាប់ពីបានទទួលការណែនាំ ពីមន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ព្រមទាំងភ្នាក់ងារសុខភាពសត្វ ភូមិមក លោកបានងាកមកចិញ្ចឹមគោបំប៉ន ដោយប្រើដំណាំចំណីសត្វ សាកល្បងនៅក្នុងឆ្នាំ២០១៦ មានគោត្រឹមតែបីក្បាលប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យលើកទី១ និងទី២មកលោកក៏បានទិញគោស្គមៗមាន តម្លៃថោក យកមកបំប៉ន ក្នុងរយៈពេលជាង៦ខែ ក៏អាចលក់ទៅឲ្យឈ្មួញឬអ្នកពិឃាតសត្វ ក្នុងគោ១ក្បាលចំណេញបានប្រាក់ពី៤០ទៅ៥០ម៉ឺនរៀល។ការចិញ្ចឹមគោបំប៉នបែបទំនើបនេះ គ្រាន់តែដាំស្មៅឃីងក្រាស់ រយៈពេល៣ខែ អាចយកមកកិនផ្អាប់ដាក់ធុង រយៈពេល២២ថ្ងៃឡើងទៅអាចធ្វើជាចំណីបាន លោកបន្តថា ក្រៅពីការចិញ្ចឹមគោបំប៉ន កសិដ្ឋានលោកក៏បានចិញ្ចឹមជ្រូកប្រើចំណីសរីរាង្គដែរ ។

លោកជំទាវ ហោម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានអំពាវនាវឲ្យប្រជាពលរដ្ឋពង្រីកការចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបំពេញតម្រូវការហូបចុករបស់អតិថិជន ហើយការចិញ្ចឹមនេះត្រូវមានការសហការជាមួយមន្ត្រីជំនាញ ភ្នាក់ងារសុខភាពនិងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពគុណភាពសាច់ស្របទៅតាមតម្រូវការទីផ្សារ ។

លោក ឡេកគឹមហ៊ួ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉ន ដោយប្រើដំណាំចំណីសត្វ រស់នៅភូមិតាម៉ី ឃុំសូយោង ស្រុកបារាយណ៏ ខេត្តកំពង់ធំបានជាប់លេខ១របស់គម្រោងអ៊ីយូ ផ្នែកដាំស្មៅចំណីសត្វ កន្លងទៅថ្មីៗនេះ ៕