នាយករដ្ឋមន្រ្ដីជប៉ុន៖ ជប៉ុនកំពុងស្ថិតនៅជិតជាមួយកម្ពុជាតាមវិថីនៃការអភិវឌ្ឍ សេដ្ឋកិច្ចនិងលទ្ធិប្រជាធិបតេយ្យ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្ដម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា ជប៉ុន កំពុង ស្ថិតនៅជិតគ្នាជាមួយ កម្ពុជា តាមវិថីនៃការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសជប៉ុនរំពឹងទុកថា កម្ពុជានឹងមាន ការអភិវឌ្ឍយ៉ាងរឹងមាំបន្ថែមទៀតទាំងវិស័យសេដ្ឋកិច្ច ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេ ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅក្នុងសន្និសីទកាសែតរួមគ្នាក្រោយពីជំនួបទ្វេភាគី ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្សាយផ្ទាល់ពីទូរទស្សន៍ ជាតិកម្ពុជាពីទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី០៨  ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានសម្តែងភាពរីករាយ ដែលបានទទួលស្វាគមន៍ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសជប៉ុនលើកនេះ ដែលចំនឹងខួប លើកទី៦៥ នៃទំនាក់ទំនង ការទូតប្រទេសទាំងពីរ។ ឯកឧត្ដមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានលើកឡើងថា រយៈពេល២៥ឆ្នាំបានកន្លងផុត ទៅហើយ បន្ទាប់ពីការរៀបចំ ការបោះ ឆ្នោតនៅកម្ពុជា ដែលធ្វើឡើងដោយអុនតាក់។

កម្ពុជាដែលទទួលកេរតំណែលអវិជ្ជមានដោយ សារសង្រ្គាមស៊ីវិល ហើយបានពុះពារជាបន្តបន្ទាប់រហូតដល់ ធ្វើដំណើរ នៅលើវិថី មួយដែល មានការរីកចម្រើន អភិវឌ្ឍន៍ សេដ្ឋកិច្ចយ៉ាងពិតប្រាកដ។ ឯកឧត្ដមបានបន្ថែមថា ជប៉ុនបាន អមដំណើរជាមួយកម្ពុជា ហើយជប៉ុនរំពឹងថា ប្រទេសកម្ពុជា នឹងមានការអភិវឌ្ឍ រីកចម្រើន ទៅមុខបន្ថែមទៀតតាមរយៈ ការរួបរួមគ្នារបស់ប្រជាជនកម្ពុជា ហើយបន្តលើកកម្ពស់ ដំណើរការប្រជាធិបតេយ្យ។ ជាងនេះទៀត ជប៉ុនមានការតាំង ចិត្តយ៉ាងមុតមាំដល់ការជួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងកាសម្រសគោលដៅនេះ។

ឯកឧត្ដមនាយក រដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ទៀតថា នៅក្នុងជំនួបនេះដែរ ជប៉ុនក៏បានសម្រេចឱ្យយុវជន ក៏ដូចជា មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា មកកាន់ប្រទេសជប៉ុនដើម្បីពិនិត្យមើលដំណើរការនៃការ ប្រជាធិបតេយ្យរបស់ជប៉ុន។ ទន្ទឹមនេះ ជប៉ុនក៏បានបង្ហាញពីការជួយពង្រឹងតម្លាភាព និងភាពត្រឹមត្រូវ នៃដំណើរការ ស្ថាប័នយុត្តិធម៌របស់កម្ពុជាផងដែរ។ ឯកឧត្ដមបានបន្តថា ខ្ញុំមានការតាំងចិត្តជាមួយសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនថា “ យើងនឹងដឹកនាំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន ឱ្យទទួលបានជោគជ័យ និងពង្រីក កិច្ចសហប្រតិបត្តិការ មេគង្គ- ជប៉ុនឱ្យកាន់តែច្រើនថែមទៀត ដើម្បីការរីកចម្រើននៅក្នុងតំបន់។ ឆ្នាំក្រោយ២០១៩ គឺជាឆ្នាំផ្លាស់ប្ដូរជប៉ុន-មេគង្គ ផ្អែកលើលទ្ធផលនាថ្ងៃនេះ ខ្ញុំមានគំនិតពង្រីកទំនាក់ទំនងទ្វេភាគីរបស់យើង ដោយចាប់ដៃជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសហការជាមួយគ្នា ដើម្បីនាំមកនូវវឌ្ឍនភាព និងការរីកចម្រើននៅលើទឹកដីតំបន់មេគង្គទាំងមូល។”

សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍សម្ដែងនូវការរីករាយ ដែលបានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រី ជប៉ុន អំពីទំនាក់ទំនងយ៉ាងស៊ីជម្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនផ្សេងទៀត។ ចំណុចដែលទាក់ទងជាមួយកម្ពុជា សម្ដេចតេជោពិតជាមានការពេញចិត្តចំពោះ អ្វីដែលឯកឧត្ដម អាបេ បានលើក ឡើង ទាក់ទងនឹងការអញ្ជើញយុវជនអ្នកដឹកនាំវ័យក្មេង នៃបណ្ដាបក្សនយោបាយ ក៏ដូចជា ស្ថាប័នយុត្តិធម៌ ព្រមទាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកទស្សនកិច្ចដកស្រង់ ពិសោធន៍នៅ ប្រទេសជប៉ុន។ សម្ដេចតេជោថ្លែងបន្តថា នេះជាវិធីសាស្ត្រនៃការកសាងលទ្ធិ ប្រជាធិបតេយ្យ សម្រាប់អនាគត វែងឆ្ងាយរបស់កម្ពុជា ព្រោះថាអ្នកនយោបាយចាស់ៗ  គេ អាចផុតរលត់ ក៏ប៉ុន្តែសម្រាប់អ្នក នយោបាយក្មេងៗ គេអាចកសាងនូវវប្បធម៌ប្រជាធិប តេយ្យមួយរយៈពេលយូរហើយ មានសុខដុមរម្យនា ជាមួយ គ្នាថែមទៀត។ នៅក្នុង ជំនួបនោះដែរ សម្ដេចតេជោក៏បានស្នើសុំឱ្យជប៉ុនបន្តការជួយគាំទ្រដល់ ការបោះឆ្នោតនៅកម្ពុជា បន្ត ទៀតផងដែរ ព្រោះការបោះឆ្នោតនៅកម្ពុជាបន្តធ្វើទៅតាមកាលកំណត់តាមដំណើរ ការលទ្ធិ ប្រជាធិបតេយ្យ។

សម្ដេចតេជោថ្លែងទៀតថា “នៅថ្ងៃស្អែកនេះ នឹងមានការប្រជុំមេគង្គ-ជប៉ុន ក្នុងនោះខ្ញុំគិតថា ប្រហែល ជាលើកដំបូង ដែលប្រទេសមេគង្គ នឹងមានការស្វាគមន៍ចំពោះ គំនិតផ្ដួចផ្ដើមទាក់ទងនឹងតំបន់ប៉ាស៊ីហ្វិក សេរី និងបើកចំហ នេះគឺជា កិច្ចការមួយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាពនៅក្នុងតំបន់ របស់យើង។ ជាងនេះទៀតដោយ សារអាស៊ីត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ី អឺរ៉ុប នៅឆ្នាំ២០២០ ហើយកម្ពុជាគឺជាបេក្ខភាពសម្រាប់ជាម្ចាស់ ផ្ទះ ដូច្នេះ ឯកឧត្ដម នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ ក៏បានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ ផ្ទះនៃកិច្ចប្រជុំនេះ នៅ ឆ្នាំ២០២០ ហើយ សង្ឃឹមថា នឹងមានការអនុម័តក្នុងកិច្ចប្រជុំអាស៊ី អឺរ៉ុប នៅព្រុចសែលនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខាងមុខនេះផងដែរ៕

ដោយ ជឹម ណារី