សម្តេចតេជោទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ –ក្នុងឱកាសស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋ មន្រ្តី ឯកឧត្ដម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា បានជម្រាបបជូនសម្តេចតេជោថា រូបឯកឧត្ដមធ្លាប់ បានជួប សម្តេចតេជោ ក្នុងឱកាសដែលរូបឯកឧត្ដមនាំយកនូវសារលិខិតអបអរសាទររបស់ ឯកឧត្តម អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យ ជប៉ុន ជូនចំពោះ សម្តេចតេជោ កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ នៅរាជធានីភ្នំពេញ។ ឯកឧត្ដមប្រធាន ក៏បានរម្លឹក កអំពីការទទួលរូបឯកឧត្ដមដោយកក់ក្តៅបំផុត ពីសម្តេចតេជោនៅ រាជធានីភ្នំពេញ។ ឯកឧត្ដមប្រធានបន្តថា ក្រោយពី បានស្តាប់នូវប្រសាសន៍របស់សម្តេច គឺរូបឯកឧត្ដមមានការចាប់អារម្មណ៍ យ៉ាងខ្លាំងដោយសារការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅ ដោយសេរី ត្រឹមត្រូវ មានស្ថិរភាពល្អ ពោរពេញទៅដោយ សុខសន្តិភាព ពិសេសប្រជាជន កម្ពុជាមានភាព សប្បាយរីករាយ និងគ្មានភាពតក់ស្លុត។ ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សភាពការណ៍ កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពី សភាពការណ៍ក្រោយការបោះឆ្នោត ឆ្នាំ ២០១៣ ពោលគឺសភាពការណ៍ កាលពីឆ្នាំ២០១៣ ដែលនៅពេលនោះគឺមានចំនួន មនុស្ស ស្លាប់ ដែលបង្កដោយពួកជ្រុលនិយមមិន ទទួលយកលទ្ធផល នៃការបោះឆ្នោត។

នៅពេលនេះ ប្រជាជនកម្ពុជាកំពុងទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរនៃពិធីបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណី ជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ពេលនេះកម្ពុជាបានបង្កើននូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយ:កិច្ចសន្ទនាគ្នានោះ សម្តេចសូមថ្លែងនូវអំណរគុណសាជាថ្មី ជូនចំពោះឯកឧត្តម ស៊ិនហ្សូ អាបេ និង អគ្គលេខាធិការគណបក្ស ប្រជាធិបតេយ្យជប៉ុន ដែលបានផ្ញើសារលិខិតអបអរសាទរសម្តេចដែលត្រូវបាន ជ្រើសតាំង     ជាថ្មី ជានាយករដ្ឋមន្រ្តីនីតិកាលទី៦ នៃរដ្ឋសភា។ សម្តេចតេជោ ក៏បានអបអរសាទរជូន ចំពោះឯកឧត្តម ស្សិនហ្សូ អាបេ ដែលត្រូវបានជ្រើសតាំងជាប្រធានគណបក្សប្រជាធិបតេយ្យ ជប៉ុនជាថ្មីម្តងទៀត និងត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី ជប៉ុន។ ក្នុងជំនួបពិភាក្សា គ្នានោះដែរ សម្តេចតេជោ និងឯកឧត្ដម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា បានធ្វើការពិភាក្សាគ្នាយ៉ាងយក ចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ជប៉ុនដែលតែងតែមានជំហរក្នុងការគាំទ្រគ្នាទៅវិញ ទៅមក ពិសេសការបន្តជំរុញការគាំទ្រគ្នាទៅវិញទៅមក ក្នុងកិច្ច សហប្រតិបត្តិការក្របខណ្ឌតំបន់ និងអន្តរជាតិ ជាបន្តទៅទៀត៕

ដោយ ជឹម ណារី