សមាគមជប៉ុន កម្ពុជាស្វាគមន៍វត្តមានសម្ដេចតេជោនៅប្រទេសជប៉ុនក្នុងឱកាសនៃការប្រារព្ធ ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងពីទីក្រុងតូក្យូ ប្រទេស ជប៉ុនថា នៅក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ជាមួយសម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊្វុយមីអាគី តាកាហាស៊ី អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជា ប្រធានសមាគមជប៉ុន-កម្ពុជា បានថ្លែងអំណរគុណចំពោះសម្តេចតេជោដែលតែងតែចូលរួម គាំទ្រដល់សកម្មភាព របស់សមាគមមិត្តភាពជប៉ុន-កម្ពុជាហើ យក៏សូមស្វាគមន៍វត្តមានសម្ដេចតេជោនៅប្រទេស ជប៉ុន ក្នុងឱកាសនៃការ ប្រារព្ធខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសមាគមជប៉ុន-កម្ពុជា ដែលបានគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា ហើយសម្ដេចតេជោ ក៏បានបញ្ជាក់ថាជប៉ុនបានជួយដល់ដំណើរការបោះឆ្នោត និងបានស្នើជប៉ុនបន្តការចូលរួមជួយ គាំទ្រនៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាជាបន្តទៀត ពីព្រោះការបោះឆ្នោតកម្ពុជានេះគឺមានលក្ខណៈជាទៀង ទាត់តាមអាណត្តិនីមួយៗ។

លោកប្រធានសមាគមក៏បានលើកឡើងពីការបង្កើតនូវសារមន្ទីរទឹក និងអភិរក្សត្រីនៅតំបន់មេគង្គនៅកម្ពុជាជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងបានផ្តល់នូវអនុសាសន៍ក្នុងការបង្កើត សារមន្ទីទឹក និងអភិរក្សត្រីនេះគឺត្រូវមានរួមបញ្ចូលទាំងការភ្ញាស់កូនត្រីផងដែរដើម្បីអាចចែកចាយកូនត្រីដល់កសិករ យើងយកទៅចិញ្ចឹមផងដែរ។ ក្រោយជំនួបសម្ដែងការគួរសមនេះ សមាគមមិត្តភាពកម្ពុជា-ជប៉ុន បានរៀបចំអញ្ជើញសម្ដេច តេជោ និងគណៈប្រតិភូទទួលទានអាហារថ្ងៃត្រង់ ដែលនៅក្នុងឱកាសនៃការទទួល ទាននេះក៏មានការចូលរួមដោយ សមាជិករបស់សមាគមជាច្រើននាក់ដែលជាតំណាងឱ្យក្រុម ហ៊ុនជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍គម្រោងទាំងអស់ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបន្តលើកទឹកចិត្ត ចំពោះសកម្មភាពវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជាផងដែរ៕

ដោយ ជឹម ណារី