តំណាងក្រុមហ៊ុន មីស៊ុអ៊ី ចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ –ក្នុងខណៈដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ណូប៊ូអាគី គីតាម៉ូរី តំណាងក្រុមហ៊ុន មីស៊ុអ៊ី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨។

លោក ណូប៊ូអាគី គីតាម៉ូរី តំណាងក្រុមហ៊ុន មីស៊ុអ៊ី បានជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោក ចាប់ផ្តើមមានវត្តមានក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៤មកម៉្លេះ តែត្រូវបានផ្អាកសកម្មភាពមួយរយ: និងចាប់ផ្តើម ដំណើរការឡើងវិញនៅឆ្នាំ១៩៩៣។ ទន្ទឹមនេះ ក្រុមហ៊ុនរបស់លោកចាប់ផ្តើមជាមួយនឹងគម្រោង អភិវឌ្ឍន៍ផ្លូវការ របស់ ជប៉ុន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកតំណាងក្រុមហ៊ុនបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានសកម្មភាព លើវិស័យទូរគមនាគមន៍ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុន ស្មាត និងការរួមចំណែកដល់ការនាំចេញផលិតផល កសិកម្មរបស់ កម្ពុជាទៅក្រៅប្រទេស និង វិនិយោគលើវិស័យកាត់ដេរ រួមទាំងការសហការជាមួយក្រសួងបរិស្ថានក្នុង ការការពារធន ធានធម្មជាតិ ពិសេសនៅតំបន់ព្រៃឡង់។ លោកតំណាងក្រុមហ៊ុន មីស៊ុអ៊ី ក៏ជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការឧបត្ថម្ភជូនដល់កីឡាករ ហុងដា ក្នុងការជួយបង្ហាត់ដល់ ក្រុមកីឡា បាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រុមហ៊ុនទូរស័ព្ទស្មាតគឺមានដំណើរការល្អ ពោលគឺមានអតិថិជនរហូតដល់ប្រមាណ ៩លាននាក់ តាមរយ:នេះសម្តេចតេជោ សូមលើកទឹកចិត្តក្រុមហ៊ុនពង្រីក ការតម្លើងអង់តែនទូរស័ព្ទនៅតាមតំបន់ផ្សេងៗទៀត ដើម្បីបង្កើននូវសេវាគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ។ សម្តេចតេជោក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តការកែច្នៃ ក៏ដូចជានាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅក្រៅ ប្រទេស។ ចំពោះការវិនិយោគលើវិស័យកាត់ដេរ សម្តេចតេជោ បានលើកឡើងថា ក្រុមហ៊ុនស័ក្តិសមទៅនឹងការវិនិយោគ លើវិស័យកាត់ដេរដែលនឹងប្រើប្រាស់នូវជំនាញរបស់ខ្លួន។

ចំពោះកិច្ចសហការលើការថែរក្សាធនធានធម្មជាតិ សម្តេចតេជោ បានស្នើឱ្យក្រុមហ៊ុនសហការជាមួយក្រសួង បរិស្ថាន។ សម្តេចតេជោក៏បានអរគុណជូនចំពោះលោក ណូប៊ូអាគី គីតាម៉ូរី ដែលបានជួយឧបត្ថម្ភដល់លោក ហុងដា ក្នុងការជួយ បង្ហាត់ដល់ក្រុមកីឡាបាលទាត់កម្ពុជា។ សម្តេចតេជោបានបន្តទៀតថា សម្តេចបានជួបលោក ហុងដា កាលពីឆ្នាំ២០១៦ ក្នុងជំនួបពេលនោះ សម្តេចបានស្នើសុំឱ្យលោក ហុងដា ជួយបង្ហាត់ដល់ក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា និង ជួយផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ និងគ្រឿងញៀន ហើយសម្តេច នឹងជ្រើសរើស ពេលវេលាក្នុងការជួបលោក ហុងដា ម្តងទៀតដើម្បីបន្តពិភាក្សាលើការងារ អស់ទាំងនោះឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

ដោយ ជឹម ណារី