សម្តេចតេជោនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋកម្ពុជានៅ ប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ — –ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម ក្នុងកិច្ចប្រ ជុំកំពូលមេគង្គ  ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញជួបសំណេះសំណាលជាមួយ និស្សិតដែលកំពុង បន្តការសិក្សា និងបងប្អូនប្រជាពលរដ្ឋរស់នៅទីនោះផងដែរ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោបានរសេរថា ក្នុងពីធីសំណេះសំណាលនោះ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយណាស់ ដែលបានជួបសំណេះសំណាល ជាមួយនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងបន្តការសិក្សា និងរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុននេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន២២លើករួចមកហើយ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងទៅកាន់ និស្សិត និងប្រជាពលរដ្ឋថា ការអភិវឌ្ឍតំបន់ត្រីកោណគឺជាគំនិត ផ្តួចផ្តើមដោយ ផ្ទាល់របស់សម្តេច ដោយសារសម្តេចឃើញ ខេត្តកម្ពុជាចំនួន៤ជាខេត្តក្រីក្រ និងខេត្តរបស់ វៀតណាម ឡាវ ក៏ក្រីក្រ គឺមិនមានគំនិតណាមួយ ក្នុងការកាត់ទឹកដីឲ្យ វៀតណាមនោះទេ។ តំបន់ត្រីកោណនេះ រដ្ឋាភិបាលជប៉ុន ក៏បានគាំទ្រ ផងដែរ ហើយគម្រោងនេះ ជាការផ្តួចផ្តើមឲ្យមាន កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា កិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន គឺជា កិច្ចសហប្រតិបត្តិការមួយ ក្នុងការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍របស់ប្រទេសសមាជិកអាស៊ានថ្មី និងចាស់។ ទាក់ទងទៅនឹងវិស័យការងារ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ត្រូវឡើងរាល់ឆ្នាំ ទោះឡើងតិច ឬឡើងច្រើនក៏ដោយ ហើយសំរាប់ឆ្នាំ២០១៩ខាងមុខនេះ ប្រាក់ឈ្នួលទាបបំផុតរបស់ កម្មករបានដល់ ១៨២ដុល្លារ និងតម្រូវឲ្យមាន ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រទៀតផង។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការបណ្តុះបណ្តាល ធនធាន មនុស្សទាំងក្នុង ប្រទេស ហើយក៏ខិតខំសុំអាហារូបករណ៍ក្រៅប្រទេសបន្ថែមទៀត។ បច្ចុប្បន្នកម្ពុជាមិនទាន់អាច ផ្គត់ផ្គង់ ធនធានមនុស្ស គ្រប់គ្រាន់ឆ្លើយតបតម្រូវការវិនិយោគនៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បានផ្តាំ ដល់និស្សិតកំពុងសិក្សានៅប្រទេស ជប៉ុនថា ជប៉ុនជាប្រទេសមានការអប់រំខ្ពស់ ដូច្នេះត្រូវប្រឹងប្រែងរៀនសូត្រ ហើយពលរដ្ឋទៅរស់នៅជប៉ុន ក៏ត្រូវជំរុញឲ្យ បានរៀនសូត្រខ្ពស់ផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណ ដល់ពលរដ្ឋនៅជប៉ុន ដែលបានចូលរួមរក្សាដំណើរលទ្ធិប្រជាធិបតេយ្យតាម រយៈការអំពាវនាវឲ្យ ពលរដ្ឋក្នុងស្រុក ទៅ បោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ នូវសៀវភៅច្បាប់អប់រំទូន្មានក្រុមង៉ុយ និងបណ្ឌិត អ៊ូចុង ដល់និស្សិត និងប្រជាពលរដ្ឋដែលរស់នៅជប៉ុននោះផងដែរ៕

ដោយ ជឹម ណារី