នាយកប្រតិបត្តិនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)វាយតម្លៃថា បរិយាកាស វិនិយោគនៅកម្ពុជាមានលក្ខណៈល្អ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងខណៈអញ្ជើញ ចូលជួប ពិភាក្សាការងារ ជាមួយ សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះ ឯកឧត្ដម ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាន និងជា នាយកប្រតិបត្តិការ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះ បរិយាកាសវិនិយោគ ល្អនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ បានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោ នាយករដ្ឋ មន្រ្តីពីការរៀបចំសិក្ខា សាលាស្តីពី    ការ ទាក់ទាញអ្នកវិនិយោគជប៉ុន នៅក្នុងក្របខ័ណ្ឌ នៃកិច្ច ប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្ដមប្រធានបានបន្តថា ប្រសាសន៍របស់សម្តេចដែលថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលានេះ នឹងបន្តជំរុញ លើកទឹកចិត្តអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត។ ឯកឧត្ដមបន្តទៀតថា នៅកម្ពុជាពិតជាមានបរិយាកាសវិនិយោគល្អ ដោយមិនមានការបែងចែករវាងសហគ្រាស បរទេស និងក្នុងស្រុក ហើយអ្នកវិនិយោគជប៉ុនគឺមានចរិកលក្ខណ:ផ្សារភ្ជាប់ទៅនឹងតំបន់ មានចក្ខុវិស័យវែងឆ្ងាយ និងបណ្តុះបណ្តាល ធនធានមនុស្ស។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍វាយតម្លៃខ្ពស់ និង ចាត់ទុកថា អង្គការ JETRO បានដើរតួនាទីយ៉ាងខ្លាំងក្នុងការកៀរគរវិនិយោគជប៉ុន មកកម្ពុជាក្នុងពេលកន្លងមក។ សម្តេចតេជោបានលើកឡើងថា ជាមួយនឹងការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន អាណា(ANA) គឺពិតជាបានរួមចំណែកជួយនាំយកនូវ អ្នកវិនិយោគ ជប៉ុន និងអ្នកទេសចរណ៍ជប៉ុនមកកាន់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេស បន្តពិនិត្យមើល ថែមទៀត លើ គ្រប់លទ្ធភាពក្នុងការជួយសម្រួលដោយអ្នកវិនិយោគិនជប៉ុននៅកម្ពុជា ក្នុងនោះរួម ទាំងការ បង្កើតឡើង នូវវេទិកាពិសេស រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងស្ថានឯកអគ្គរាជទូត ជប៉ុន ដោយមិនចាំបាច់រង់ចាំវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឡើយ។ សម្តេចតេជោបន្ថែមទៀតថា សម្តេច មានយុទ្ធសាស្រ្តទាក់ទាញវិនិយោគ មកកម្ពុជា គឺធ្វើយ៉ាង ណាឱ្យអ្នកវិនិយោគទាំងអស់បន្ត និងពង្រីកសកម្មភាព របស់ខ្លួននៅកម្ពុជា និងទាក់ទាញវិនិយោគ ជប៉ុនថែមទៀតមកកម្ពុជា ដែលពីមុនកម្ពុជា មានអ្នកវិនិយោគជប៉ុន តែប្រមាណ ២០ ក្រុមហ៊ុនទេ តែមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនមានប្រមាណជាង២០០ក្រុមហ៊ុន នៅ កម្ពុជា៕

ដោយ ជឹម ណារី