សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ជៀង​ យ៉ារ៉េត:

ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ជាមួយនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានប្រារព្វធ្វើឡើងកាលពីវេលាម៉ោង១៤និង២០នាទី រសៀលថ្ងៃទី៨តុលា ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់​សម​ភាគីនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅទីស្តីការ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងទីក្រុងតូក្យូ។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ អញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ ព្រះរាជាណា ចក្រកម្ពុជា និងប្រទេសជប៉ុន។

បន្ទាប់ពីអញ្ជើញគោរពទង់ជាតិ និងកងកិត្តិយសរបស់ប្រទេសជប៉ុនរួចមក សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងសមភាគីនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគី ក្នុងបរិយា​កាសស្និទ្ធស្នាល រាក់ទាក់បំផុត។ ជំនួបពិភាក្សាទ្វេភាគី របស់ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេស​ទាំង​ពីកម្ពុជា-ជប៉ុន បានចំណាយពេលពិភាក្សាទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុ​ភាគី បញ្ហា​តំបន់ និងអន្តរជាតិ រយះពេលប្រមាណ ១ម៉ោងប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រួចមកប្រមុខដឹកនាំរដ្ឋាភិ​បាល នៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឈានទៅធ្វើសន្និសីទកាសែត​រួមគ្នាទាក់ទិនទៅនឹងជំនួបពិភាក្សាទ្វេភាគី របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន។