អាជ្ញាធរខណ្ឌដូនពេញ បែងចែកកម្លាំងជាក្រុមវេណប្រចាំការ ដើម្បីរក្សារសន្តិសុខសណ្តាប់ធ្នាប់ និងបោសសម្អាតសំរាមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖


មន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា លោក សុខ ពេញវុធ អភិ​បាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារ​អោយ​មន្ត្រីក្រោម​ឱវាទរដ្ឋបាលខណ្ឌដូនពេញ ដាក់វេណប្រចាំការ ដើម្បីរក្សារសន្តិសុខ សណ្តាប់ធ្នាប់ និង សហការជាមួយក្រុមហ៊ុនស៊ិនទ្រី ចុះប្រមូលសំរាម នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ របស់ខ្លួនក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ធានាអោយបានស្អាត ។


ជាក់ស្តែងនៅថ្ងៃច័ន្ទ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥​៦២​ ត្រូវនឹងថ្ងៃទី៨ ខែតុលាឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​​​ដូនពេញ បានបញ្ជារបញ្ជារអោយមន្ត្រីក្រោមឱវាទរដ្ឋបាលខណ្ឌ និង កំលាំងសន្តិសុខចំនួន៥១នាក់ រថយន្តស៊ីនទ្រីចំនួន០៣គ្រឿង ម៉ូតូ​អនា​ម័យខណ្ឌចំនួន០៤គ្រឿង និងរថយន្តខណ្ឌចំនួន០៤គ្រឿង បែង​បែកជា៣ក្រុម ដោយធ្វើការប្រមូល សំរាមគ្រប់ផ្លូវទាំងអស់​ក្នុង​ខណ្ឌ​ដូនពេញ ។


មន្ត្រីដដែរ បានបញ្ជាក់ថា ក្រុមការងារប្រចាំការដើម្បីរក្សារ​សន្តិសុខ​សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះ ត្រូវបានបែងចែក កម្លាំងជា៦គោល​ដៅធំៗ រួមមាន ៖ សាលាខណ្ឌដូនពេញ-វត្តស្រះចក-គល់ស្ពាន​ជ្រោយ​ចង្វារ- រមណីរដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ-មុខព្រះបរមរាជវាំង និងសួនច្បារមុខវត្តបទុមវតី សរុបអ្នកប្រចាំការចំនួន៤៧នាក់ ។


ចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញ​ថា មានសភាពល្អប្រសើរមានសភាពស្ងប់ស្ងា​ត់ ប្រជាពល​រដ្ឋ​ក្នុងមូលដ្ឋានប្រមាណជាង៨០% បានធ្វើដំណើរចេញពីផ្ទះ​ឆ្ពោះទៅ​លេង​ស្រុកកំណើត និងទីកន្លែងកម្សាន្តនានា ។