សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារថ្ងៃត្រង់ ជាមួយ លោកជំទាវអភិបាលក្រុងយូកូហាម៉ា

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ –ក្នុងខណៈដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីក្រុងយូកូហាម៉ា នៃប្រទេសជប៉ុន នៅវេលាថ្ងៃត្រង់ទី៧ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារជាមួយលោកជំទាវ ហ្វុមីកូ ហាយ៉ាស៊ី អភិបាលក្រុង យូកូហាម៉ា ប្រទេសជប៉ុន។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា លោកជំទាវអភិបាលក្រុងបានស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសយកទីក្រុងយូកូហាម៉ាសម្រាប់បំពេញ ទស្សនកិច្ច មុនពេលអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។ លោកជំទាវបន្តថា ទីក្រុងយូកូហាម៉ា ពិសេសកំពង់ផែអន្តរជាតិយូកូហាម៉ា មាន កិច្ចសហប្រតិបត្តិការ យ៉ាងខ្លាំងជាមួយនឹងកំពង់ផែស្វយ័តខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ ទន្ទឹមនេះ សម្រាប់ឆ្នាំ២០១៨គឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរកម្ពុជា ជប៉ុន ហើយក្នុងរយៈពេល ៦៥ឆ្នាំកន្លង មកនេះ ប្រទេសយើង ទាំងពីរតែងតែបានជួយគ្នាទៅវិញទៅមក ក្នុងផលប្រយោជន៍រួម។ លោកជំទាវបាន បញ្ជាក់ផងដែថា ដោយសារតែ ប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងល្អ និងជួយគ្នាទៅវិញទៅមកជាយូរមកហើយ នោះ ពេលនេះកម្ពុជាកំពុងតែ មានវត្តមានកីឡាបាល់ទាត់ ហុងដា ជួយបង្ហាត់ហ្វឹកហ្វឺនដល់កីឡាករ ជម្រើសជាតិកម្ពុជាទៀតផង។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនលោកជំទាវ និងមន្រ្តីថ្នាក់ដឹកនាំ ក្រុងយូកូហាម៉ា ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ច និងទទួលទានអាហារការងារថ្ងៃត្រង់ជូនចំពោះសម្តេច និងគណៈប្រតិភូ។ បើទោះបីជាមានរយៈពេលខ្លីក្នុងការអញ្ជើញមកទស្សនាទីក្រុងយូកូហាម៉ា ពិសេសទស្សនកិច្ច កំពង់ផែអន្តរជាតិ យូកូហាម៉ា គឺ សម្តេចតេជោ បានគាំទ្រយ៉ាងពេញទំហឹងចំពោះមន្រ្តីនៃថ្នាក់ដឹកនាំ កំពង់ផែដែល បានសហ ប្រតិបត្តិការ លើកកម្ពស់ សមត្ថភាពនិងប្រសិទ្ធភាពរបស់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្នុងរយៈពេល  កន្លងមក និងបន្តទៅអនាគត។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុង ការជួយស្វែងរក សុខសន្តិភាព ការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ពោលគឺការរីកចម្រើនរបស់ប្រទេស កម្ពុជានៅពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីជួយឧបត្ថម្ភគាំទ្រពីសំណាក់ រដ្ឋាភិបាល និងប្រជាជន ជប៉ុនបាននោះទេ។ សម្តេចតេជោបានបន្ដទៀតថា ទីក្រុងយូកូហាម៉ា ធ្លាប់ បានរួមចំណែកជួយដល់ ប្រទេសកម្ពុជា លើគ្រប់វិស័យ ក្នុងនោះកីឡាករល្បីរបស់ជប៉ុន គឺលោក ហុងដា បានជួយបង្ហាត់ហ្វឹកហ្វឺនដល់ ក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិកម្ពុជា គឺក្នុងពេលដែលលោក ហុង ដា បានជួប សម្តេចតេជោ កាលពីឆ្នាំ២០១៦ ហើយបាន ឆ្លើយតបតាម សំណើរបស់សម្តេចក្នុងការជួយហ្វឹកហ្វឺនដល់កម្ពុជា។ ទន្ទឹមនឹងនោះ លោក ហុងដា ក៏បានចូលរួមជួយផ្សព្វផ្សាយ ពីការទប់ស្កាត់ពីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេស កម្ពុជាផងដែរ៕

ដោយ ជឹម ណារី