ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចកំពង់ផែអន្តរជាតិ យូកូហាម៉ា នៃប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨–បន្ទាប់ពីបានទស្សនាមជ្ឈមណ្ឌលសម្អាតទឹកលូ (Ariake Water Reclamation Center) នៅទី ក្រុងតូក្យូ នាព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញទស្សនាកំពង់ផែអន្តរជាតិយូកូហាម៉ា (Yokohama Port Cargo Center (Y-CC) ក្នុងទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ដែលជាកំពង់ផែនកុងតឺន័រទឹក ជ្រៅមួយរបស់ប្រទេសជប៉ុន ដែលបានធ្វើកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជា ហើយប្រទេសជប៉ុនក៏កំពុងចូលរួមជួយ រៀបចំការ អភិវឌ្ឍកំពង់ផែ ស្វយ័តព្រះសីហនុ។

ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចកំពង់ផែយូកូហាម៉ា សម្តេចតេជោ នាយករដ្ឋមន្រ្តីបានតាមដានយ៉ាងយកចិត្តទុកដាក់ ពីការឧទ្ទេសនាមពីខ្សែសង្វាក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុង កំពង់ផែ ពិសេសការលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងមន្រ្តីថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ា ជាមួយ នឹងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ដោយសារតែប្រទេសជប៉ុនគឺជាប្រទេសដែនកោះ ទំនិញគ្រប់សារពើត្រូវបានធ្វើការនាំ ចេញ និងនាំចូលស្ទើ៩៩ភាគរយ។ កំពង់ផែអន្តរជាតិយូកូហាម៉ា គឺជាកំពង់ផែយុទ្ធសាស្រ្តដ៏សំខាន់នៅជប៉ុន ដែលមានការទុកដាក់ទំនិញកុងតឺន័រ រថយន្ត លំដាប់ទី២ក្នុងប្រទេសជប៉ុន ពិសេសជាកន្លែងសម្រាប់នាវាចរណ៍ ផងដែរ។ ទីក្រុងយូកូហាម៉ាមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះមាន កំពង់ផែទឹកជ្រៅបំផុតចំនួន១។ ទន្ទឹមនេះ កំពង់ផែនកុងតឺន័រ យូកូហាម៉ា ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៥ ដែលមានផ្ទៃដីទំហំជាង៣២ម៉ឺនហិចតា ដែលមានភារកិច្ចទុកដាក់និងនាំចេញ នាំចូលដ៏សំខាន់របស់ប្រទេសជប៉ុន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើននៃកំពង់ផែអន្តរជាតិយូកូហាម៉ា របស់ប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ សម្តេច តេជោបានស្នើដល់ថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ាបន្តការយកចិត្តទុកដាក់ និងបង្កើន កិច្ចសហប្រតិបត្តិការជាមួយមន្រ្តីថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ សំដៅធ្វើយ៉ាង ណាប្រែក្លាយ កំពង់ផែស្វយ័តខេត្តព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែដែលមានលក្ខណ:ស្តង់ ដារអន្តរជាតិ និងមានការប្រកួតប្រជែងជាមួយនឹងបណ្តាកំពង់ផែនៃប្រទេសក្នុងតំបន់ និង អន្តរជាតិ។

សូមបញ្ជាក់ដែរថា នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការរីក ចម្រើនរបស់ប្រទេសកម្ពុជា គឺប្រទេសជប៉ុនបានបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការ នៃការពង្រឹងសុខសន្តិភាព និងឯកភាពជាតិរបស់កម្ពុជា នឹងក៏ជាដៃគូដ៏សំខាន់ដែលបាន ផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅ កម្ពុជា។ ចាប់តាំងពី ខែធ្នូ ឆ្នាំ២០១៣មក ប្រទេសទាំងពីរកម្ពុជា ជប៉ុន បានតម្លើងឋានៈ នៃទំនាក់ទំនងរបស់ខ្លួន ក្លាយទៅជាដៃគូយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំ ទូលាយបន្ថែមទៀត ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែមាន កម្រិតខ្ពស់ និងប្រកបដោយចីរភាព តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការ បង្កើនវិនិយោគទុនរបស់ជប៉ុននៅកម្ពុជា។

ចំពោះលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា ជប៉ុន ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងការទូត ជាផ្លូវការ នៅថ្ងៃទី០៩ ខែមករាឆ្នាំ១៩៥៣។ នៅឆ្នាំ១៩៩២ ជប៉ុនបានបើកស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះកម្ពុជាក៏បានបើកស្ថានទូតនៅទីក្រុងតូក្យូ ឡើងវិញនៅថ្ងៃទី២៦ខែធ្នូឆ្នាំ១៩៩៤។ ហើយ នៅឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ជាមួយនឹងជោគជ័យ នៃទំនាក់ទំនងការទូត ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានធ្វើការ ផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាច្រើនលើករួចមកហើយផងដែរ៕

ដោយ ជឹម ណារី