គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៦ ខែតុលា មានមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ស្រាល៩នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ បណ្តាលអោយមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ៣នាក់។

ទិន្នន័យចេញផ្សាយដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅថ្ងៃទី៦ ខែតុលា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតមាន ៨លើក ខូចខាតម៉ូតូ ៦គ្រឿង រថយន្តធន់តូច ៤គ្រឿង ធំ ១គ្រឿង យានផ្សេងទៀត ២គ្រឿង និងថ្មើរជើងម្នាក់។ ក្នុងនោះដែរ យានដែលបង្កគ្រោះថ្នាក់មានម៉ូតូ ៤លើក (មិនពាក់មួកសុវត្តិភាពមានគ្រោះថ្នាក់ ៨នាក់) រថយន្តតូច ២លើក ធំ ១លើក និងគោយន្ត ១លើក។
របាយការណ៍ដដែល បញ្ជាក់ថាចំពោះមូលហេតុនៃគ្រោះថ្នាក់ ដោយសារល្បឿន មានចំនួន ៦ករណី មិនគោរសិទ្ធិ ១ករណី ប្រជែង ១ករណី។

គួររំលឹកថានាយកដ្ឋាននគរបាលចរាចរណ៍ ធ្លាប់បានបង្ហាញរបាយការណ៍ថា ក្នុងខែកញ្ញា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ២៥០លើក ស្លាប់១៣១នាក់ (ស្រី១២នាក់) របួសធ្ងន់ ២៥១នាក់ និង៨១នាក់របួសស្រាល៕ សុទ្ធារិទ្ធ FM 96MHz