សកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុង តូក្យូ ប្រទេសជប៉ុននៅថ្ងៃទី៧ ខែតុលា

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ហោ​ សេងគ្រី:

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ (Ariake Water Reclamation Center)ទីក្រុង តូក្យូ ប្រទេសជប៉ុន ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីមន្រ្តីថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាច្រើនរូប។

មជ្ឈមណ្ឌល់ដ៏ធំដែលបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើបបំផុតនេះ គឺចម្រោះទឹកកខ្វក់ទាំងឡាយដែលប្រើប្រាស់នៅតាមផ្ទះ កម្ចាត់មេរោគគ្រប់យ៉ាង ហើយធ្វើអោយក្លាយជាទឹកស្អាតសម្រាប់យកមកប្រើប្រាស់ឡើងវិញដើម្បីបម្រើឲ្យសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូ។ មជ្ឈមណ្ឌលក៏កំពុងមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការនាំយកនូវបច្ចេកវិទ្យាដ៏ទំនើបនេះទៅកាន់ប្រទេសកម្ពុជាយើងដើម្បីកាត់បន្ថយលើហានិភ័យនៃសុខភាពរបស់ប្រជាជនកម្ពុជា។

បន្ទាប់ពីបានទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ (Ariake Water Reclamation Center) រួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនាកំពង់ផែអន្តរជាតិយូកូហាម៉ា (Yokohama Port Cargo Center(Y-CC)ក្នុងទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ដែលជាកំពង់ផែនក្នុងតឺន័រទឹកជ្រៅមួយរបស់ប្រទេសជប៉ុន។ ចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ប្រទេសជប៉ុនក៏កំពុងចូលរួមជួយរៀបចំការ អភិវឌ្ឍកំពង់ផែស្វយ័តព្រះសីហនុផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានតាមដានយ៉ាងយកចិត្តទុកដាក់ ពីការឧទ្ទេសនាមពីខ្សែសង្វាក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងកំពង់ផែ ពិសេសការលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងមន្រ្តីថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ា ជាមួយនិងកំពង់ផែស្វយ័តខេត្តព្រះសីហនុ។សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកំពង់ផែអន្តរជាតិយូកូហាម៉ា ទន្ទឹមនឹងនេះសម្តេចប្រមុខដឹកនាំបានស្នើដល់ថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ាបន្តការយកចិត្តទុកដាក់និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ សំដៅធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តខេត្តព្រះសីហនុអោយក្លាយទៅជាកំពង់ផែដែលមានលក្ខណ:ស្តង់ដារអន្តរជាតិ និងមានការប្រកួតប្រជែងជាមួយនិងបណ្តាកំពង់ផែនៃប្រទេសក្នុងតំបន់ និងអន្តរជាតិ។ ចាប់តាំងពីខែធ្នូឆ្នាំ២០១៣ ប្រទេសទាំងពីរកម្ពុជា ជប៉ុន បានតម្លើងឋានៈ នៃទំនាក់ទំនងរបស់ខ្លួនក្លាយទៅជាដៃគូយុទ្ធសាស្រ្ត ដើម្បីបន្តពង្រឹងនិងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងគោលដៅជំរុញកិច្ចអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែមានកម្រិតខ្ពស់ និងប្រកបដោយចីរភាព តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ និងការបង្កើនវិនិយោគទុនរបស់ជប៉ុននៅកម្ពុជា។

នៅវេលាថ្ងៃត្រង់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារជាមួយលោកជំទាវ ហ្វុមីកូ ហាយ៉ាស៊ី អភិបាលក្រុងយូកូហាម៉ា។

លោកជំទាវអភិបាលក្រុងបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានជ្រើសរើសយកទីក្រុងយូកូហាម៉ាសម្រាប់បំពេញទស្សនកិច្ចមុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុន លើកទី១០ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៩តុលាស្អែកនេះ។

លោកជំទាវបានបញ្ជាក់ផងដែថា ដោយសារតែប្រទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងល្អនិងជួយគ្នាទៅវិញទៅមកជាយូរមកហើយនោះ ពេលនេះកម្ពុជាកំពុងតែមានវត្តមានកីឡាបាល់ទាត់ ហុងដា ជួយបង្ហាត់ហ្វឹកហ្វឺនដល់កីឡាករជម្រើសជាតិកម្ពុជាទៀតផង។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយស្វែងរកសុខសន្តិភាព ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ ពោលគឺការរីកចម្រើនរបស់ប្រទេសកមក្ពុជានៅពេលបច្ចុប្បន្ននេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីជួយឧបត្ថម្ភគាំទ្រពីសំណាក់ រដ្ឋាភិបាល និងប្រជាជនជប៉ុនបាននោះទេ។ សម្តេចតេជោបានបញ្ជាក់ថា ទីក្រុងយូកូហាម៉ាធ្លាប់ បានរួមចំណែកជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ក្នុងនោះកីឡាករល្បីរបស់ជប៉ុន គឺលោក ហុងដា បានជួយបង្ហាត់ហ្វឹកហ្វឺនដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា គឺក្នុងពេលដែល លោក ហុង ដា បានជួប សម្តេចតេជោ កាលពីឆ្នាំ២០១៦ ហើយបានឆ្លើយតបតាមសំណើររបស់សម្តេចក្នុងការជួយហ្វឹកហ្វឺនដល់កម្ពុជា ទន្ទឹមនឹងនេះ គឺលោក ហុងដា បានចូលរួមជួយផ្សព្វផ្សាយពីការទប់ស្កាត់ពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី៧ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសជប៉ុនជាបន្តទៀត៕