ក្នុងថ្ងៃបុណ្យភ្ជុំប្រជាពលរដ្ឋនាំគ្នាសម្រុក ជិះរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញទៅស្រុកកំណើតដោយឥតគិតថ្លៃ(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖


នៅព្រឹកថ្ងៃទី៧តុលានេះប្រជាពលរដ្ឋបាននាំគ្នាសម្រុក ជិះរថយន្តក្រុងរបស់​រដ្ឋបាលរាជ​ធានី​ភ្នំ​ពេញ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ។


ក្នុងឱ​កាស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រី​ពាក់ពន្ធ័១​ចំនួន​ទៀត​អញ្ជើញទៅ ពិនិត្យមើសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុង(City Bus)របស់រដ្ឋ​បាល​រាជធានីភ្នំពេញ នៅទីតាំងចំណតចេញដំណើរទីលាន​ប្រជាធិប្បតេយ្យមុខឃ្លាំង​សាំងឬ​ស្សីកែវ ឯកឧត្តម បានមានប្រសាសន៏ថា នេះជាកាដូរថ្មី១ទៀតរបស់សម្តេច​អគ្គមហាសេនាបតី​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំ​ណើរទៅស្រុកកំណើតដោយមិនបង់ប្រាក់តាមរយៈរថយន្តក្រុងដឹកជញ្ជូនសាធារណៈ របស់រដ្ឋ​បាល​រាជធានីភ្នំពេញដែលបងប្អូនទទួលបានទាំងសុវត្ថិភាព,ផាសុខភាព និងពុំប្រឈម​មុខនឹង​គ្រោះថ្នាក់ផ្សេងៗផងដែរ ។


ឯកឧត្តម បានបញ្ជាក់ថា ក្នុងចំណោមរថយន្តទាំង២១៥គ្រឿងនេះ ត្រូវបានបែងចែកជា២ផ្នែកគឺ សំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួន៩៥គ្រឿងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៨ដល់​ថ្ងៃទី១០តុលា ។ រីឯមួយផ្នែកទៀតសំរាប់ដឹកជញ្ជូនប្រជា​ពលរដ្ឋទៅលេងស្រុកកំណើតតាម​បណ្តា​​ខេត្តទាំងទៅនិងមករយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១តុលាដោយ​ចេញដំណើរ​ចាប់​ពីម៉ោង៥និង៣០នាទីព្រឹក ។


ចំណែកចំណត​ចេញដំណើរត្រូវបានរដ្ឋបាលរាជធានីភ្នំ​ពេញ​ដាក់ពង្រាយ​រថយន្ត​តាមគោល​ដៅ​នៃច្រកចេញចូលរាជធានីភ្នំពេញមានដូចជា៖ ចំណុច​ផ្លូវ​៦០​ម៉ែត្រក្នុងសង្កាត់ចាក់​អង្រែ,ចំណត​ផ្សារសិនជូរីផ្លាហ្សា,ចំណតសួនច្បារឬស្សីកែវ,ចំណុច​ផ្លូវបេ​តុង​​​ក្នុងតំបន់អភិវឌ្ឍន៏ជ្រោយចង្វា និងចំណតគីឡូម៉ែត្រលេខ៩ ។

បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ​ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានគិតគូពី​សុខទុក្ខប្រជាពល​រដ្ឋគ្រប់​ពេល​វេលា និងជួយសំរួលដល់បងប្អូនចំពោះការចំណាយលើការធ្វើដំណើរ នេះមិនមែន​ជាលើក​ទី១ទេ ដែលសម្តេចតែងបានគិត គូចំពោះផលប្រយោជន៏ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ។

ពួក​គាត់បានលើកឡើងថា ប្រជាពលរដ្ឋស្ទើរតែមិនជឿថា មានរថយន្តជិះដោយមិនអស់លុយ នោះ តែសម័យនេះ ពិតជាពិសេសណាស់ដែលប្រជាពលរដ្ឋបានជិះរថយន្តក្រុង​ដោយមិនចាំ​បាច់​អស់​លុយនោះ ៕