សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ពីថ្ងៃទី០៦ដល់ថ្ងៃទី១០តុលា ឆ្នាំ២០១៨។ 
តាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះ ពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចត នៅអា កាសយានដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ កាលពីវេលាម៉ោង ១៧និង៤០នាទី ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង១៣និង៤០នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេស កម្ពុជា។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយក រដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តម ស៊ុយស៊ុយគី ណូរីកាស៊ុ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ឯកឧត្តម ហូរី ណូឈិ ឯកអគ្គរាជទូត វិសាមញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ ប្រទេសជប៉ុន និងលោកជំទាវ ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោ នឹងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម ហ៊ីរ៉ូយូគី អ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយកប្រតិបត្តិអង្គការ JETRO ឯកឧត្តម ហ៊្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៉ី (Mitsui Co., Ltd) និងលោក យូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។

សម្តេចតេជោ ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗ ចំនួនពីររបស់ជប៉ុនផងដែរ រួមមានកំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសម្អាតទឹកអារីយ៉ាកេ (Ariake)។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុន មុនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ ដែលបណ្តាមេដឹកនាំ នៃ ប្រទេសមេគង្គ-ជប៉ុន នឹងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខុមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕

ដោយ ជឹម ណារី