សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសជប៉ុនប្រកបដោយសុវត្ថិភាព

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ហោ​ សេងគ្រី:

នៅម៉ោងប្រមាណ៦:៣០នាទីល្ងាច(ម៉ោងនៅតូក្យូ ជប៉ុន) ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញដល់ប្រទេសជប៉ុនប្រកបដោយសុវត្តិភាព ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមកម្មវិធីនៅថ្ងៃស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញទៅទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសំអាតទឹកលូ (Ariake Water Reclamation Center) និងទស្សនាកំពង់ផែយូកូហាម៉ា ព្រមទាំងទស្សនាគម្រោងអភិវឌ្ឍនតំបន់មីណាតូមីរ៉ាយ និងជួបពិភាក្សាការងារជាមួយភ្ញៀវឥស្សរជនជប៉ុនមួយចំនួនទៀតផង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអរគុណបងប្អូនជនរួមជាតិដែលបានជូនពរដល់សម្តេចតេជោនាយករដ្ឋមន្រ្តីនៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលមេគង្គជប៉ុន៕