សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅប្រទេសជប៉ុន និងជំនួបប្រចាំឆ្នាំរបស់មេដឹកនាំអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ —  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បា​ន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញពីកម្ពុជាហើយ តាមជើងយន្ត​ហោះ​ពិសេ​ស នាព្រឹកថ្ងៃទី ០៦ខែតុលា ឆ្នាំ២០១៨ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ពី​ថ្ងៃ​​ទី ០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងបន្តដំណើរ​ទៅ​ចូ​ល​រួម​ជំ​នួបនៃថ្នាក់ដឹកនាំអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក(WB) ប្រចាំឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅកោះបាលីនៃសាធារណរដ្ឋ​ឥ​ណ្ឌូ​ណេស៊ី ដែលតបតាមការអញ្ជើញ​រប​ស់​រដ្ឋាភិបាលជប៉ុន និងប្រធានាធិបតីនៃសាធារ​ណ​រដ្ឋឥណ្ឌូណេស៊ីនោះ។


​អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មា​ន​វត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិ​ជ័​យ​​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។ ដោយឡែកតំណាងស្ថានទូតជប៉ុន​ប្រ​ចាំ​នៅព្រះរាជាណាចក្រកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

​ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន​នៅ​ព្រ​លានយន្តហោះអន្តរជាតិភ្នំពេញថា គណៈប្រតិភូដែលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី មាន​ឯ​ក​ឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ ព្រ​ម​ទាំងឥស្សរជនជាន់ខ្ពស់​នៃ​រា​ជ​​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំធុរកិច្ច​នៃ​សភាពា​ណិជ្ជកម្មកម្ពុជា​ផ​ង​ដែរ។​ថ្នាក់ដឹកនាំកិច្ច​ប្រជុំកំ​ពូ​ល​មេគង្គ-ជប៉ុន នឹងចូលក្រាបបង្គំគាល់ព្រះចៅអធិរាជ​​ជប៉ុន។

​កិច្ច​​​ប្រជុំកំពូលមេគង្គ-ជប៉ុន លើ​កទី១០នេះ នឹងពិភាក្សា​និងអនុម័ត​យុទ្ធសាស្រ្ត​ទីក្រុង​តូក្យូថ្មី សំ​ដៅធ្វើឱ្យប្រសើរឡើងនូវ​​ការ​តភ្ជាប់ លើកកម្ពស់​សុខុមាលភាពប្រជាជន និងការពារ​បរិស្ថា​ន​។​ យុទ្ធសាស្ត្រនេះផ្តោត​សា​រៈ​សំខាន់លើការ​អភិវឌ្ឍប្រកបដោយចីរភាព​ និងការ​កាត់បន្ថយ​គ​ម្លា​តអភិវឌ្ឍន៍រវាង​ប្រទេស​មេ​គ​ង្គ និង​ប្រទេសសមាជិកអាស៊ានផ្សេងទៀត។​សម្តេចតេជោ​នា​យក​​រដ្ឋ​មន្រ្តី នឹងថ្លែង​សុ​ន្ទ​រក​ថាមួយ ដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេល​អនា​គត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន។​ថ្នាក់ដឹកនាំមេគង្គ នឹងអញ្ជើញពិសារអាហារ​ការងារ​ពេ​ល​​ព្រឹក រៀបចំដោយសមាគម​មិត្ត​ភាពសភាជប៉ុន-មេគង្គ ពិសារអាហារការងារថ្ងៃត្រង់ រៀបចំ​ដោ​យ​​ក្រុមធុរកិច្ច និងចូល​រួម​ក្នុ​ង​វេ​ទិ​កាវិនិយោគជប៉ុន-មេគង្គ រៀបចំដោយអង្គការពាណិជ្ជកម្ម​ក្រៅ​ប្រ​ទេសជប៉ុន​ (JETRO) ដែ​ល​ក្នុងឱកាសនោះ សម្តេចតេជោនឹងថ្លែងសង្កថាគន្លឹះ ផ្តោតលើ​ការទាក់ទាញ​​​វិនិយោគិន​ជ​ប៉ុ​​ន​​មកធ្វើធុរកិច្ចក្នុងតំបន់មេគង្គ។

ឯកឧត្ដមបានឱ្យដឹងទៀថា​ ក្រៅ​​​​ពីកិច្ច​ប្រជុំកំពូលមេគង្គ-ជប៉ុន​លើក​ទី​​១០ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សា​ទ្វេភា​គី​​​ជា​មួយ ឯកឧត្តម ស៊ីនហ្សូ អាបេ នា​យ​ក​រដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្ត​ទុក​រួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំ​បន់ និងអន្តរជាតិ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹង​​មាន​សន្និសីទ​​សារព័ត៌មាន​រួមគ្នា​។​ក្នុង​អំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោ នឹង​ទ​ទួ​​លជំនួបសម្តែងការ​គួរសម​ដាច់​ដោ​យ​​ឡែកពីគ្នា ជាមួយ​លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masa​hi​ro​ IMAMURA) ប្រធានសមាគមមិត្តភា​ព​​សភាជប៉ុន-កម្ពុជា លោក ហ៊ីរ៉ូយូគី អ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយក​ប្រតិ​ប​ត្តិ​អង្គ​ការ​ JETRO លោក ហ្វ៊ូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូត​​ជប៉ុន​ប្រ​ចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូ​ប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំ​ណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co., Ltd) និងលោក យូ​ស៊ី​ហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។ សម្តេចតេជោ ក៏​នឹង​អញ្ជើញ​ទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីរ​របស់​ជប៉ុន​ផ​ង​​ដែរ រួមមាន កំពង់ផែ​កុង​តឺ​ណ័រនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌល​សម្អាតទឹកអារីយ៉ាកេ (Ariake)។ស​ម្តេ​ច​តេជោនាយករដ្ឋមន្រ្តី ក៏នឹង​ឆ្លៀតឱកាសជួបសំណេះ​សំណា​ល​​ជាមួយសហគមន៍ និងនិ​ស្សិ​ត​កម្ពុជា​ដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេស​ជប៉ុ​ន និង​ជួប​ជាមួយយុវកីឡាបាល់ទាត់មេគង្គ ជប៉ុន ផង​ដែរ​។

ឯកឧត្ដម ស្រ៊ី ថាមរង្គ បានឱ្យដឹងដែរថា នៅឯកោះបាលីសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ​នាយ​ក​​រដ្ឋ​មន្ត្រីនឹង​អញ្ជើញចូលរួមកិច្ចប្រជុំនៃថ្នាក់ដឹកនាំអាស៊ាន ដែលក្នុងនោះក៏មានកិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ ​ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារ​ពិភ​ព​លោ​ក(WB) ដែលបណ្ដាមេដឹក​នាំ​អា​ស៊ាន​និងបង្ហាញពីសក្ដានុពល និងទិសដៅទស្សនទានរបស់ខ្លួនទៅអនាគត។ គណៈប្រតិភូគ្រោងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនារសៀលថ្ងៃទី១២ខែតុលា ឆ្នាំ​​២​០១៨៕

ដោយ ជឹម ណារី