សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា:​ ដោយលោក​ ហោ​ សេងគ្រី:​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ ពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី មាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំធុរកិច្ច នៃ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ថ្នាក់ដឹកនាំកិច្ច ប្រជុំកំពូលមេគង្គ-ជប៉ុន នឹងចូលក្រាបបង្គំគាល់ព្រះចៅអធិរាជ ជប៉ុន។

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សា និងអនុម័ត យុទ្ធសាស្រ្ត ទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវ ការតភ្ជាប់ លើកកម្ពស់ សុខមាលភាពប្រជាជន និងការពារ បរិស្ថាន។     យុទ្ធសាស្ត្រនេះផ្តោត សារៈសំខាន់លើការ អភិវឌ្ឍប្រកបដោយចីរភាព និងការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាង ប្រទេស មេគង្គ និង ប្រទេសសមាជិកអាស៊ានផ្សេងទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។

ថ្នាក់ដឹកនាំមេគង្គ នឹងអញ្ជើញពិសារអាហារការងារពេលព្រឹក រៀបចំដោយសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ពិសារអាហារការងារថ្ងៃត្រង់ រៀបចំដោយក្រុមធុរកិច្ច និងចូលរួមក្នុងវេទិកាវិនិយោគជប៉ុន-មេគង្គ រៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដែលក្នុងឱកាសនោះ      សម្តេចតេជោនឹងថ្លែងសង្កថាគន្លឹះ ផ្តោតលើ ការទាក់ទាញ វិនិយោគិនជប៉ុនមកធ្វើធុរកិច្ចក្នុងតំបន់មេគង្គ។

នៅ ក្រៅ កិច្ច ប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុករួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹង មាន សន្និសីទ សារព័ត៌មាន រួមគ្នា ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោ នឹងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភា ព សភាជប៉ុន-កម្ពុជា លោក ហ៊ីរ៉ូយូគី អ៊ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយកប្រតិបត្តិអង្គការ JETRO លោក ហ្វ៊ូមីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៊ី (Mitsui Co., Ltd) និងលោក យូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។ សម្តេចតេជោ ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុនផងដែរ រួមមាន កំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ (Ariake)។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹង ឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុនផងដែរ។