ក្រសួងសាធារណការពង្រឹងបន្ថែមទៀតនូវសុវត្ថិភាពចរាចរណ៍ និងបរិស្ថាន

វិទ្យុជាតិកម្ពុជា:​ ដោយ​ អ៊ី កនិកា:

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ពង្រឹងបន្ថែមទៀតនូវសុវត្ថិភាពចរាចរណ៍ និងការចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ក្នុងខណៈដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាទៀងទាត់ នឹងរក្សាសុវត្ថិភាពយានយន្ត និងជៀសវាងការបំពុលបរិស្ថាន។ ជាមួយគ្នានេះ នឹងកាត់បន្ថយចំនួនយានយន្តដែលពិបាកជួលជុល និងបណ្តាលឲ្យមានកការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងក្នុងពិធីផ្សព្វផ្សាយពីប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឯកឧត្តមបានពន្យល់ថា អ្នកប្រើប្រាស់យានយន្តគ្រប់រូបមានកាតព្វកិច្ចយកយានយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ប្រសិនបើអ្នកប្រើប្រាស់យានយន្តមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានត្រឹមត្រូវទេនោះ នគរបាលមានសមត្ថកិច្ចនឹងត្រួតពិនិត្យយ៉ាងតឹងរឹង។ ឯកឧត្តមបានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការអភិវឌ្ឈន៍នូវប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីធ្វើឲ្យប្រសើរឡើងនូវចំនុចមួយចំនួនដូចជា បញ្ហាសុវត្ថិភាពទិន្នន័យ មណ្ឌលផ្ទុកទិន្នន័យ រួមជាមួយនឹង ជំនួយផ្សេងៗបន្ថែមទៀត ដោយឆ្លើយតបទៅនឹង ការអភិវឌ្ឈលើប្រព័ន្ធព័ត៌មានវិទ្យា ដែលមានមុខងារទាំងការទប់ស្កាត់ការប្រើប្រាស់ព័ត៌មានដែលគ្មានការអនុញ្ញាតិ និងការបង្កើនភាពងាយស្រួលផងដែរ។

ក្រសួងសាធារណការ និងដឹងជញ្ជួន សហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA រៀបចំកម្មវិធីផ្សព្វផ្សាយ និងអប់រំអំពីប្រព័ន្ធស័្វយប្រវត្តិកម្មនៃការចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ក្នុងរយៈពេល១សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលានេះ នៅទីតាំងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពដដែល បានឱ្យដឹងទៀតថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីការចុះបញ្ជីយានយន្ត និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទៅកាន់សាធារណជន៕