ថ្នាក់ដឹកនាំវិទ្យុជាតិកម្ពុជាបន្តផ្ដល់ជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា:​ ដោយ​ ទុយ សូលីដា :​

ថ្នាក់ដឹកនាំវិទ្យុជាតិកម្ពុជាបន្តផ្ដល់ជំនួយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្ថិតនៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។

នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្ដម ទន់ សារ៉ាត ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃវិទ្យុជាតិកម្ពុជា បានយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ៤២០ គ្រួសារស្ថិតនៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមដើម្បីជួយសម្រាលបន្ទុកនិងជីវភាពបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។ ឯកឧត្ដមបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ដល់ជនរងគ្រោះនាពេលនេះ គឺដើម្បីបង្ហាញពីការដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះហើយ ជំនួយទាំងអស់នេះគឺបានមកពី ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាជ្ញាធរខេត្តកំពង់ចាម និងក្រុមការងារវិទ្យុជាតិកម្ពុជា ។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា នេះគឺជាលើកទី៣ហើយដែលក្រុមការងាររបស់អគ្គនាយកដ្ឋាននៃវិទ្យុជាតិកម្ពុជា បានចុះផ្តល់ជំនួយមនុស្សធម៌ជួយប្រជាពលរដ្ឋឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ខណៈលើកទី១មានចំនួន១៥៦គ្រួសារ និងលើកទី២មានចំនួន១២០គ្រួសារនិងលើកទីបីនេះមានចំនួន ៤២០គ្រួសារ។

សូមបញ្ជាក់ថា ក្រៅពីការផ្ដល់ជំនួយមនុស្សធម៌ ក្រុមការងារចុះជួយឃុំពង្រដែលដឹកនាំដោយឯឧ.ទន់ សារ៉ាត អគ្គនាយកវិទ្យុជាតិកម្ពុជាក៍បានផ្ដល់ប្រាក់ឧបត្ថម្ភ ដល់ យាយជី តាជីដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ មានចំនួន៣៣៥នាក់ នៅក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនេះ៕